ឯកឧត្តម គង់ សោភ័ណ្ឌ ប្តេជ្ញាចិត្តកសាងអំពើល្អដើម្បីកាត់បន្ថយចរន្តប្រឆាំង និងវាយបកក្រុមប្រឆាំងដែលមានគំនិតទុច្ចរិតនានា
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ តំណាងឱ្យក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានប្តេជ្ញាចិត្តកសាងអំពើល្អ ដើម្បីកាត់បន្ថយចរន្តប្រឆាំង និងឈានទៅទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ក៏ដូចជាចូលរួមការពារ និងវាយបកក្រុមប្រឆាំងដែលមានគំនិតទុច្ចរិតនានា សំដៅបន្សាបនូវការឃោសនាអកុសល និងប្តេជ្ញាពង្រឹង និងពង្រីកអង្គការចាត់តាំងយុវជនគណបក្សនៅគ្រប់ថ្នាក់ឱ្យបានកាន់តែរឹងមាំទាំងពេលបច្ចុប្បន្ន និងអនាគត និងពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ឱ្យបានរឹងមាំ។
ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនខេត្តកណ្តាល នៅទីស្នាក់ការគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ។ ជាមួយនឹងការប្តេជ្ញានេះ ឯកឧត្តម គង់ សោភ័ណ្ឌ តំណាងឱ្យក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានធ្វើការប្រកាសបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តទៀត និងគាំទ្រយ៉ាងពេញទំហឹងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត៕
ដោយ៖ពលជ័យ