សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងសមិទ្ធផលនានានៃសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ
ត្បូងឃ្មុំ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានៅអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ផងដែរ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២ ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើទឹកដីនៅខេត្តត្បូងឃ្មុំដែលជាខេត្តដែលទើបបង្កើតចុងក្រោយគេ។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ មន្ទីរពេទ្យនេះ បានចំណាយទឹកប្រាក់ជិត ៥០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន។ មន្ទីរពេទ្យមានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែកជាអគារអ្នកជំងឺសម្រាកពេទ្យចំនួន ៥ជាន់, អគារសម្ភព រោគស្រី និងកុមារចំនួន ៥ជាន់, អគារវេជ្ជសាស្ត្រ អគាររដ្ឋបាល និងស្នាក់នៅចំនួន ២ជាន់ និងអគារផ្សេងៗទៀត ១ជាន់។
ឯកឧត្តម ម៉ម ប៊ុនហេង បានបន្តថា មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ។ មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអ្នកជំងឺផងដែរ ដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺបានកាន់តែប្រសើរ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ មានគ្រែសម្រាប់អ្នកជំងឺសរុបចំនួន ៣០០គ្រែ ដោយមានផ្តល់សេវាពិនិត្យ និងព្យាបាលលើជំងឺទូទៅ, ជំងឺកុមារ, ជំងឺឆ្លង, ពិគ្រោះជំងឺក្រៅ, ប្រពោធនកម្ម (ICU), សង្គ្រោះបន្ទាន់, វះកាត់, រោគស្ត្រី និងសម្រាលកូន, រូបភាពវេជ្ជសាស្ត្រ និង Endoscopy, មន្ទីរពិសោធន៍, ឱសថស្ថាន, បន្ទប់រំងាប់មេរោគ, ប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ, និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាល និងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព ហើយមន្ទីរពេទ្យនេះ ក៏អាចពិគ្រោះជំងឺក្នុងមួយថ្ងៃបាន ៦០០នាក់។
ក្នុងឱកាសនេះដែរ ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ សម្តេចតេជោ ហ៊ុន សែន ក៏សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធិផលនានាក្នុងសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្នុំ ដែលមានអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅ ដែលបានសាងសង់នៅឆ្នាំ២០១៨ ដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២០។ សមិទ្ធផលដែលបានសាងសង់រួមមាន អគារទីចាត់ការចំនួន ២ខ្នង ស្មើនឹង ១០បន្ទប់ អគារសិក្សាចំនួន ២ខ្នង ស្មើនឹង ៣៦បន្ទប់ កម្ពស់ ៣ជាន់។ អគារស្នាក់នៅចំនួន ២ខ្នង ស្មើនឹង ៤០បន្ទប់។ ក្នុងទីធ្លាសាលា ក៏មានសាងសង់ទីលានបាល់ទះចំនួន១ និងទីលានបាល់បោះចំនួន២។ អគារ និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសាលាចំណាយការសាងសង់ប្រមាណ ១លាន ៣៥ម៉ឺនដុល្លារអាមេរិក ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ប៉ុន្មានថ្ងៃទៀត ចិន នឹងបញ្ជូនក្រុមគ្រូពេទ្យថ្នាក់ជាតិទៅក្រៅប្រទេស ក្នុងនោះក្រុមទី១ នឹងបញ្ជូនមកកាន់កម្ពុជា នឹងចែករំលែកបទពិសោធន៍ប្រើប្រាស់ថ្នាំចិនសែ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយកម្ពុជា។ ចិន គាំទ្រយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងដល់កុមារ ហើយនឹងផ្ដល់ជំនួយវ៉ាក់សាំង ក្នុងចំនួនថ្មីមួយទៀតមកដល់កម្ពុជាឲ្យបានឆាប់។
ឯកឧត្តម វ៉ាង វិនធាន បានបង្ហាញការជឿជាក់ថា ដរាបណា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ធ្វើការរួមគ្នានឹងអាចយកឈ្នះ លើបញ្ហាប្រឈមនៃការរីករាលដាល នៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ។ ដរាបណា ចិននិងកម្ពុជា បានចាប់ដៃគ្នា ក្នុងចិត្តមួយ គឺគ្មានការលំបាកណាដែលមិនអាចយកឈ្នះបានទេ។
ថ្លែងជុំវិញវិបត្តិនៅប្រទេសអ៊ុយក្រែន ឯកឧត្តម ទូតចិនប្រចាំកម្ពុជា បានលើកឡើងថា អង្គការណាតូ គួរតែបោះបង់ចោលគំនិតសង្គ្រាមត្រជាក់ ដោយផ្អែកលើការប្រយុទ្ធ ប្រឈមមុខដាក់គ្នា ជាក្រុមឲ្យបានឆាប់។
ឯកឧត្តម វ៉ាង វិនធាន វាយតម្លៃខ្ពស់ចំពោះសម្ដេចតេជោ ហ៊ុន សែន ក្នុងការលើកឡើងថា ”មិនអាចយកសង្គ្រាមមកបញ្ចប់សង្គ្រាមបានទេ” ផ្លូវដើរមានតែមួយគត់ គឺការចរចាគ្នាតាមសន្តិវិធី។ ឯកឧត្តមថា ចិន ចាំគាំទ្រអង្គការណាតូ សហភាពអឺរ៉ុប និងរុស្ស៊ី ឲ្យចាប់ផ្ដើមធ្វើការសន្ទនាឡើងវិញ និងស្វែងរកការកសាងយន្តការសន្តិសុខ នៅអឺរ៉ុបប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព ។សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយចំពោះសមិទ្ធផលនៃវិស័យសុខាភិបាលនៅក្នុងទឹកដីនៃខេត្តត្បូងឃ្មុំនាថ្ងៃនេះ ដែលជាមន្ទីរពេទ្យដ៏ធំ និងទំនើបលើកដំបូងលើដីជនបទបែបនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ប្រទេសកម្ពុជា ក្រោមចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងចិន។ សម្តេចសង្ឃឹមថា អគារដ៏ស្កឹមស្កៃនៃមន្ទីរពេទ្យនេះ នឹងឆ្លើយតបកាន់តែប្រសើរឡើងសម្រាប់ការគាំពារសុខុមាលភាពប្រជាពលរដ្ឋ មិនថាតែនៅក្នុងខេត្តត្បូងឃ្មុំខ្លួនឯងប៉ុណ្ណោះនោះទេ តែវាអាចបម្រើដល់ខេត្តផ្សេងៗទៀត ដែលនៅភូមិភាពនេះ ដូចជាខេត្តព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរីជាដើម ក៏អាចមកទទួលសេវាព្យាបាលជំងឺផ្សេងៗនៅមន្ទីរពេទ្យនេះផងដែរ។
ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនទាន់មានការឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកនៅឡើយទេ ដោយសារសមាជិកអាស៊ានមួយចំនួនចង់ឱ្យដូរពេលវេលា។ ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលអាមេរិកធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងនៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ខាងមុខនេះ។
សម្តេចតេជោ បានថ្លែងថា អាស៊ាន-អាមេរិក មិនទាន់ឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសរវាងអាស៊ាន និងអាមេរិកនៅឡើយ ដោយក្នុងនោះមានប្រទេសអាស៊ានចំនួន៣ ស្នើឱ្យប្តូរពេលវេលា ក្នុងនោះ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលមិនទាន់បានសម្របសម្រួលពេលវេលា នៅឡើយទេ ហើយមេដឹកនាំអាស៊ានជាច្រើន ទាមទារឱ្យមានការប្រជុំ នៅថ្ងៃទី២៦-២៧ ខែមីនា ហើយខាងសហរដ្ឋអាមេរិកបញ្ជាក់ថា ថ្ងៃទី២៦-២៧ សហរដ្ឋអាមេរិក មិនអាចទទួលពេលវេលានោះបានទេ ឯមេដឹកនាំអាស៊ានចំនួន៣ថា មិនអាចចូលរួមប្រជុំ នៅថ្ងៃទី២៦-២៧ បានទេ ដូច្នេះត្រូវចាំមើលសិន។ សម្តេចតេជោ សង្ឃឹមថា អាស៊ាន-អាមេរិកនឹងរកបាននូវពេលវេលាសមស្របតាមការសម្រុះសម្រួលគ្នា ប៉ុន្តែសម្រាប់សម្តេច គឺស្វាគមន៍នៅពេលវេលាណាមួយក៏បាន លើកលែងតែចាប់ពីពាក់កណ្តាលខែឧសភា រហូតដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២ នេះ ដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលសម្តេចមិនអាចចេញទៅក្រៅប្រទេសបាន។
ទាក់ទងនឹងសមិទ្ធផលនៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ក៏ដូចជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: (ពេទ្យលោកសង្ឃ) នៅភ្នំពេញដែលនឹងត្រូវសម្ពោធដាក់អោយប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា តាមរយៈវត្តមានមន្ទីរពេទ្យទាំងអស់នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចទទួលស្គាល់ថា កម្ពុជាមានខ្វះខាតនូវបរិក្ខារទំនើបៗសម្រាប់ព្យាបាលប្រជាពលរដ្ឋ តែកម្ពុជាមិនខ្វះនូវទឹកចិត្តសម្រាប់ការលើកកម្ពស់នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋនោះទេ។
សម្តេចតេជោបានថ្លែងថា មន្ទីរពេទ្យមានបរិក្ខារទំនើប ជារឿងសំខាន់ហើយ តែអ្វីកាន់តែសំខាន់ទៀតនោះ គឺមនសិការវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ។ សម្តេចសង្ឃឹមថា ក្រុមគ្រូពេទ្យទាំងអស់នឹងប្រឹងប្រែងយកចិត្តទុកដាក់ចំពោះសុខភាព និងការសង្គ្រោះអ្នកជំងឺ។
សម្តេចតេជោបានបញ្ជាក់ថាទោះបីមានការខ្វះខាតសម្ភារៈបរិក្ខារ តែមនសិការវិជ្ជាជីវៈ និងការដាក់ចេញគោលនយោបាយរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាអាចលុបបំបាត់ជំងឺគ្រុនស្វិតដៃជើងនាពេលកន្លងមក ហើយពេលនេះ កម្ពុជាក៏បាននឹងកំពុងប្រយុទ្ធប្រឆាំង និងលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលនៃអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ក៏ដូចជាអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ដែលត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ។ ចុងបញ្ចប់នៃពិធី សម្តេចតេជោ រួមជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ចាប់ពីពេលនេះតទៅ៕ ដោយ វណ្ណលុក