លោក ហ្សេលែនស្គី ៖ លោក Elon Musk នឹងបញ្ជូនប្រព័ន្ធអ៊ីនធើណិតពីផ្កាយរណប Starlink បន្ថែមទៀតដល់អ៊ុយក្រែន
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី ថ្លែងថា លោកបាននិយាយជាមួយលោក Elon Musk តាមរយៈវីដេអូអនឡាញនៅថ្ងៃសៅរ៍សប្តាហ៍មុន ដោយនាយកប្រតិបត្តិ Tesla និង SpaceX រូបនេះសន្យាថា នឹងបញ្ជូនប្រព័ន្ធអ៊ីនធើណិតពីផ្កាយរណប Starlink បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ចំពេលមានការឈ្លានពានរបស់រុស្ស៊ី។
លោក ហ្សេលែនស្គី បានបង្ហោះសារនៅលើ Twitter ថា ខ្ញុំដឹងគុណគាត់ (លោក Elon Musk) ចំពោះការគាំទ្រអ៊ុយក្រែនដោយពាក្យសំដី និងទង្វើ។ បើតាមលោក ហ្សេលែនស្គី សប្តាហ៍ក្រោយ អ៊ុយក្រែននឹងទទួលបានបន្ថែមទៀត ដើម្បីភ្ជាប់ទៅក្រុមផ្កាយរណបអ៊ីនធើណិត Starlink ដែលដំណើរការដោយ SpaceX ។ ទោះបីជាមានការប្រយុទ្ធគ្នានៅតែបន្តក៏ដោយ លោក ហ្សេលែនស្គី បាននិយាយថា គាត់ក៏បានពិភាក្សាអំពីគម្រោងអវកាសដែលអាចកើតមានជាមួយលោក Musk ក្នុងអំឡុងពេលសន្ទនារបស់ពួកលោកកាលពីថ្ងៃសៅរ៍។
ទន្ទឹមគ្នា មេដឹកនាំអ៊ុយក្រែនរូបនេះបានបង្ហោះវីដេអូមួយនៅលើ Instagram ដោយបង្ហាញខ្លួនគាត់កំពុងអង្គុយនៅមុខកុំព្យូទ័រយួរដៃ ហើយនិយាយជាមួយបុរសមានបំផុតក្នុងពិភពលោក។ នៅក្នុងវីដេអូឃ្លីប លោក ហ្សេលែនស្គី បានអញ្ជើញលោក Musk ឱ្យមកប្រទេសអ៊ុយក្រែន ដោយនិយាយថា បន្ទាប់ពីបញ្ចប់សង្គ្រាម… អ្នកពិតជាត្រូវបានស្វាគមន៍ខ្លាំងណាស់។ សហគ្រិនបានឆ្លើយតបថា គំនិតនេះគឺជារឿងល្អ ៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា