ជប៉ុនពិភាក្សាជាមួយអាមេរិក និងអ៊ឺរ៉ុប ពាក់ព័ន្ធនឹងការឈប់នាំចូលប្រេងពីរុស្ស៊ី
ប្រទេសជប៉ុនកំពុងពិភាក្សាជាមួយនឹងសហរដ្ឋអាមេរិក និងប្រទេសអ៊ឺរ៉ុបផ្សេងទៀតអំពីលទ្ធភាពហាមឃាត់ការនាំប្រេងចូលពីប្រទេសរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Kyodo News នៅថ្ងៃច័ន្ទ ទី៧ មីនា នេះ។
ការចុះផ្សាយពីការចូលរួមរបស់ជប៉ុន កើតឡើងក្រោយពេលរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បាននិយាយកាលពីថ្ងៃអាទិត្យ ទី៦ មីនា ម្សិលមិញនេះថា អាមេរិក និងសម្ព័ន្ធមិត្តអ៊ឺរ៉ុបកំពុងស្វែងរកលទ្ធភាពបិទការនាំចូលប្រេងពីរុស្ស៊ី។
នៅពេលសួរពីលទ្ធភាពនៃការបិទការនាំចូលប្រេងពីរុស្សី លោក Hirokazu Matsuno ប្រធានខុទ្ធកាល័យជប៉ុនបដិសេធធ្វើអត្ថាធិប្បាយ។
រុស្សីគឺជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតទី ៥របស់ជប៉ុនដែលស្មើនឹង ៣,៦៣ភាគរយនៃការនាំចូលប្រេងឆៅមកជប៉ុនកាលពីឆ្នាំមុន។
រដ្ឋមន្ត្រីឧស្សាហ៍កម្មជប៉ុន លោក Koichi Hagiuda បាននិយាយថា ខណៈដែលទណ្ឌកម្មប្រឆាំងរុស្សីមិនត្រូវបានគេរំពឹងថាប៉ះពាល់ដោយផ្ទាល់ទៅលើសមត្ថភាពរបស់ជប៉ុនក្នុងការធានាពីស្ថេរភាពផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់ជប៉ុន វាអាចប៉ះពាល់ដោយប្រយោលដល់គម្រោងថាមពលផ្សេង។
សូមបញ្ជាក់ថា នៅថ្ងៃច័ន្ទនេះ តម្លៃប្រេងឆៅបានហក់ឡើងជាង ១០ភាគរយ បន្ទាប់ពីហានិភ័យនៃការហាមឃាត់នាំចូលប្រេងរុស្ស៊ី បានគំរា.មកំហែងដល់ស្ថិរភាពទីផ្សារពិភពលោក។
បើតាមការចុះផ្សាយរបស់កាសែត The Guardian នៅព្រឹកថ្ងៃច័ន្ទ ទី ៦ ខែមីនានេះ តម្លៃប្រេងឆៅ Brent ហក់ឡើងដល់តម្លៃ ១៣៩,១៣ដុល្លារក្នុងមួយធុង ខណៈតម្លៃរបស់វាកាលពីថ្ងៃសុក្រកន្លងទៅនេះមានត្រឹម ១១៨,០៣ក្នុងមួយធុង៕