ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ ត្រូវបានលោកមេធាវី គង់ ពិទូ ចោទប្រកាន់បំពានច្បាប់ ដោយមិនអនុញ្ញាតឲ្យរូបលោកអមកូនក្តីពេលសាកសួរចម្លើយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បើយោងតាមលិខិតរបស់លោកមេធាវី គង់ ពិទូ ផ្ញើជូនលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលភ្ងាក់ងារសារព័ត៌មានទូរទស្សន៍ អប្សរា ទើបទទួលបាននៅថ្ងៃទី២០ ខែវិច្ឆិកា នេះថា លោកមេធាវី គង់ ពិទូ បានចោទប្រកាន់ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ បំពានច្បាប់ ដោយមិនអនុញ្ញាតអោយមេធាវីអមកូនក្តីពេលសាកសួរចម្លើយ ។

លោកមេធាវី គង់ ពិទូ រៀបរាប់ពីដំណើររឿងយ៉ាងដូច្នេះថា ៖ តាមពាក្យបណ្តឹង ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ របស់ដើមចោទឈ្មោះ លី សារ៉េត បានប្ដឹងកូនក្តីខ្ញុំឈ្មោះ គីម បីយុងក្យូ ទៅក្រសួងមហាផ្ទៃ ពីបទរំលោភលើទំនុកចិត្ត ដោយមានការពឹងពាក់ពីកូនក្តី ខ្ញុំបាទ គង់ ពិទូនិងលោកមេធាវី ចាន់ សម្បូរ បានដាក់ពាក្យការពារក្តីឲ្យឈ្មោះ គីម លីយុងក្យូ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

នាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានកោះហៅកូនក្តីខ្ញុំឲ្យចូលទៅឆ្លើយបំភ្លឺ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៩៖០០ព្រឹក ។ ខ្ញុំបាទនិងកូនក្តីបានទៅតាមលិខិតកោះហៅ ខណៈពេលដែលមន្ត្រីនគរបាលយុត្តិធម៌នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សាកសួរកូនក្តីរបស់ខ្ញុំ ស្រាប់តែមន្ត្រីខាងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ មិនអនុញ្ញាតឲ្យខ្ញុំនៅអមការពារកូនក្តីទេ ទោះបីជាខ្ញុំព្យាយាមជជែកផ្នែកនីតិវិធី អំពីសិទ្ធិរបស់កូនក្តី និងតួនាទីរបស់មេធាវី ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ស្តីពីលក្ខន្តិកៈមេធាវីយ៉ាងណាក៏ដោយ ។

ជាមួយគ្នានេះដែរ ខ្ញុំបានលើកយកអង្គហេតុដែលដើមចោទប្ដឹងកូនក្តីខ្ញុំ(មិនមែនជាបទល្មើសជាក់ស្តែង)ជាមួយនឹងគាត់ ប៉ុន្តែគាត់មិនព្រមស្តាប់ហើយគាត់ប្រាប់ថាមេរបស់គាត់សំដៅទៅអ្នកទទួលខុសត្រូវក្នុងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល) មិនអនុញ្ញាតិឲ្យមេធាវីនៅអមកូនក្តីបានឡើយនៅពេលពួកគាត់សាកសួរ ។ ខ្ញុំបាទបានស្នើសុំពិនិត្យមើលសំណុំរឿងនិងពាក្យបណ្តឹង ក៏មិនត្រូវបានអនុញ្ញាតដែរ។ នៅថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៩៖០០ ព្រឹក ការិយាល័យព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានហៅកូនក្តីរបស់ខ្ញុំម្តងទៀតដើម្បីសាកសួរតទល់ជាមួយនឹងដើមបណ្តឹង ។ នៅពេលនេះដែរ ខ្ញុំបាទក៏មិនត្រូវបានអនុញ្ញាតឲ្យចូលអមកូនក្តីដដែល។

លោកមេធាវី គង់ ពិទូ ចាត់ទុកថា ការមិនអនុញ្ញាតិឲ្យមេធាវីនៅអមកូនក្តីឆ្លើយនៅដំណាក់កាលមន្ត្រីនគរបាលយុត្តិនេះ គឺជាការរំលោភបំពានលើសិទ្ធិកូនក្តី បំពានក្រមនីតិវិធីព្រហ្មទណ្ឌ ច្បាប់ស្តីពីលក្ខខន្តិកៈមេធាវី និងអនុវត្តផ្ទុយពីលិខិតលេខ ១៦១៧ សជណ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយ លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានឆ្លើយតបទៅនឹងលិខិតលេខ២៦៤២/គម/១៧ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ របស់លោកប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។

 ក្នុងគោលបំណងធានាបាននូវការអនុវត្តឲ្យបានត្រឹមត្រូវនៃច្បាប់ ក្រមនីតិវិធីព្រហ្មទណ្ឌ និងលិខិតបទដ្ឋានគត្តិយុត្តិនានា និងលើកតម្កើនគុណតម្លៃវិជ្ជាជីវៈមេធាវីផងដែរ ។ លោកមេធាវី គង់ ពិទូ បានស្នើសុំ លោកប្រធាន និងក្រុមប្រឹក្សាគណៈមេធាវី មេត្តាជួយរិះរកវិធីឬមធ្យោបាយសំដៅធ្វើយ៉ាងណាឲ្យមេធាវីមានសិទ្ធិពេញលេញក្នុងការការពារផលប្រយោជន៍ និងសិទ្ធិរបស់កូនក្តីនៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌នៅពេលដែលមានការពឹងពាក់ពីកូនក្តីនិងបញ្ជប់ឲ្យខាងតែបាននូវការហាមឃាត់ មេធាវីដូចអ្វីដែលខ្ញុំបាទបានជួបប្រទះ។ លោកសង្ឃឹមថា ករណីបែបនេះ នឹងមិនកើតមានទៅលើមេធាវីជាបន្តទៅទៀតនោះទេ ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner