ក្រុមមន្ទីរអប់រំខេត្តពោធិ៍សាត់ឈ្នះជើងឯកការប្រកួតបាល់ទះ អបអរទិវាអន្តរជាតិនារី៨មីនា
ក្រុមកីឡាបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់បានក្លាយជាម្ចាស់ជើងឯក ការប្រកួតកីឡាបាល់ទះនារី «អបអរសាទរទិវាអន្តរជាតិ៨មីនា» ឆ្នាំ២០២២ កាលពីល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នៅកីឡដ្ឋាន ព្រីនស៍ រាជធានីភ្នំពេញ។
ក្រុមបាល់ទះនារីមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ ដែលឈ្នះជើងឯកនេះ បន្ទាប់ពីបានយកឈ្នះលើក្រុមន្ទីរអប់រំខេត្តកំពង់ធំ ដោយលទ្ធផលបច្ចេកទេស ៣សិតទល់២សិត។ រីឯក្រុមនារីមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែងដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ដោយលទ្ធផល ៣សិតទល់២សិត។
ដូច្នះក្រុមជ័យលាភីទាំងនេះរួមមាន៖ ចំណាត់ថ្នាក់លេខ១ ក្រុមបាល់ទះនារីមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ទទួលបានប្រាក់រង្វាន់ ២លានរៀល, លេខ២ ក្រុមបាល់ទះនារីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ប្រាក់រង្វាន់ ១លាន២សែនរៀល, លេខ៣ ក្រុមនារីមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ប្រាក់រង្វាន់ ៨០ម៉ឺនរៀល ខណៈលេខ៤ ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ទទួលបានប្រាក់រង្វាន់ ៤០ម៉ឺនរៀល។ ក្រុមទាំង៤ទទួលបានទឹកប្រាក់លើកទឹកចិត្តបន្ថែមចំនួន ៨០ម៉ឺនរៀលបន្ថែមដូចៗគ្នា។
ព្រឹត្តិការណ៍កីឡាបាល់ទះនារីនេះត្រូវបានប្រារព្ធធ្វើឡើងដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងគោលបំណងចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ខួបលើកទី១១១ និងផ្តល់ឱកាសជូនដល់កីឡាការិនីបាល់ទះកម្ពុជាបានបញ្ចេញសមត្ថភាព និងកម្តៅសាច់ដុំ ដើម្បីបង្កើនគុណភាពសមត្ថភាបឲ្យកាន់តែប្រសើរបន្ថែមទៀត សម្រាប់ត្រៀមការប្រកួត នាពេលខាងមុខៗទៀត។
សូមបញ្ជាក់ថា ពិធីបិទការប្រកួតកីឡាបាល់ទះនារីអបអរសាទរទិវាអន្តរជាតិនារី៨មីនានេះ ក៏មានពិធីប្រគល់វិញ្ញាបនបត្រដល់អាជ្ញាកណ្តាល និងចៅក្រមបាល់ទះក្នុងសាលកម្រិតមូលដ្ឋាន-គ ក្រោមការផ្តល់កិត្តិយសពីឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា៕ ចាន់ វិចិត្រ
















