លោក ហ្សេលេនស្គី អំពាវនាវឱ្យអង់គ្លេសចាត់ទុករុស្ស៊ីជា “រដ្ឋភេរវករ”
ឡុងដ៍៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារបានអំពាវនាវឱ្យចក្រភពអង់គ្លេស ចាត់ទុកប្រទេសរុស្ស៊ីថា ជា “រដ្ឋភេរវករ” ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន និងបង្កើនសម្ពាធទណ្ឌកម្មលើរបបដឹកនាំរបស់លោក វ្ល៉ាឌីមៀ ពូទីន។
នៅក្នុងសុន្ទរកថាជាប្រវត្តិសាស្ត្រទៅកាន់សភាអង់គ្លេស លោក ហ្សេលេនស្គី ក៏បានស្នើឱ្យចក្រភពអង់គ្លេសធ្វើឱ្យប្រាកដថា ដែនអាកាសរបស់អ៊ុយក្រែនមានសុវត្ថិភាព ខណៈដែលលោកបន្តដាក់សម្ពាធមេដឹកនាំលោកខាងលិចឱ្យបង្កើតតំបន់គ្មានការហោះហើរលើអ៊ុយក្រែន។ ជាមួយគ្នានេះ លោក ហ្សេលេនស្គី បាននិយាយថា កុមារអ៊ុយក្រែន ៥០នាក់ និងទាហានរុស្ស៊ីជាង ១០,០០០នាក់បានស្លាប់ ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើម។
លោក ហ្សេលេនស្គី បាននិយាយដោយលើកឡើងពីការសច្ចាប្រណិធានដ៏ល្បីល្បាញនៃសង្គ្រាមលោកលើកទី ២ របស់នាយករដ្ឋមន្ត្រីអង់គ្លេស វីនស្តុន ឆើចឈីល (Winston Churchill)ថា យើងនឹងមិនចុះចាញ់ ហើយយើងនឹងមិនបរាជ័យឡើយ… យើងនឹងប្រយុទ្ធដល់ទីបញ្ចប់ ទាំងផ្លូវទឹក និងអាកាស។ យើងនឹងតស៊ូដើម្បីទឹកដីរបស់យើង ទោះតម្លៃណាក៏ដោយ… យើងនឹងប្រយុទ្ធទាំងនៅក្នុងព្រៃ វាលស្រែ ផ្លូវទឹក និងផ្លូវគោក។
ជាមួយគ្នានេះ លោក ហ្សេលេនស្គី ក៏បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ផងដែរ ដែលបាននាំមុខក្នុងការស្វែងរក និងផ្តល់ជំនួយដល់អ៊ុយក្រែន ខណៈដែលលោកអំពាវនាវដល់អង់គ្លេស និងប្រទេសលោកខាងលិចឱ្យបន្តកិច្ចការងារនេះតទៀត៕ ប្រភព៖ South China Morning Post ដោយ៖ ឈឹម ទីណា