ប្រធានាធិបតីចិនប្រកាសប្រឆាំងនឹងការដាក់ទណ្ឌកម្មដោយលោកខាងលិចលើរុស្ស៊ី ជុំវិញវិបត្តិអ៊ុយក្រែន
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃអង្គារថ្លែងថា ប្រទេសរបស់លោកមានឆន្ទៈធ្វើការយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ដើម្បីសម្រុះសម្រួលសង្រ្គាមនៅអ៊ុយក្រែន និងបានរំលឹកឡើងវិញនូវការប្រឆាំងរបស់ខ្លួន ចំពោះទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី ជុំវិញវិបត្តិអ៊ុយក្រែន។
ក្នុងអំឡុងការសន្ទនាតាមប្រព័ន្ធអនឡាញជាមួយអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ និងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង លោក ស៊ី បាននិយាយថា ស្ថានភាពនៅអ៊ុយក្រែនគួរឱ្យព្រួយបារម្ភ ហើយប្រទេសចិនសោកសៅយ៉ាងខ្លាំងចំពោះការផ្ទុះសង្រ្គាមម្តងទៀតនៅលើទ្វីបអឺរ៉ុប។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។
យោងតាមសេចក្តីថ្លែងការណ៍ដដែល លោក ស៊ី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការគាំទ្រកិច្ចចរចាសន្តិភាព និងបានលើកទឹកចិត្តភាគីទាំងពីរឱ្យបន្តកិច្ចពិភាក្សា និងនាំមកនូវលទ្ធផលដោយសន្តិវិធី។
ប្រធានាធិបតីចិនរូបនេះជាថ្មីម្តងទៀតបានថ្កោលទោសការដាក់ទណ្ឌកម្មរបស់លោកខាងលិច ក្នុងអំឡុងការអំពាវនាវកាលពីថ្ងៃអង្គារ ដោយព្រមានថាពួកគេ (មេដឹកនាំលោកខាងលិច) នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះបន្ថែមទៀត បន្ទាប់ពីត្រូវបានបំផ្លាញដោយជំងឺរាតត្បាតរួចទៅហើយនោះ៕ ប្រភព៖ CNN ដោយ៖ ឈឹម ទីណា