ថវិកាសមិទ្ធកម្ម មិនមែនជាការងារថ្មី និងមានភាពខុសគ្នាខ្លាំង ជាមួយនឹងថវិកាកម្មវិធី ដែលក្រសួង-ស្ថាប័ន កំពុងអនុវត្ត នាពេលបច្ចុប្បន្ននោះទេ
ភ្នំពេញ៖ ថវិកាសមិទ្ធកម្ម មិនមែនជាការងារថ្មីសន្លាង និងមានភាពខុសគ្នាខ្លាំង ជាមួយនិងថវិកាកម្មវិធី ដែលក្រសួង-ស្ថាប័ន កំពុងអនុវត្តនាពេលបច្ចុប្បន្ននេះនោះទេ។ ថវិកាសមិទ្ធកម្ម គឺជាការរៀបចំកញ្ចប់ថវិកា មានការផ្សារភ្ជាប់ជាមួយនឹងព័ត៌មានសមិទ្ធកម្ម ដែលគ្រោងនឹងសម្រេច ឬដែលសម្រេចបានកន្លងមកដោយក្រសួង-ស្ថាប័ន ។
នេះជាការបញ្ជាក់ របស់ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញបើកវគ្គ បណ្តុះបណ្តាល គោលការណ៍ណែនាំស្តីពីការរៀបចំថវិកាសមិទ្ធកម្ម តាមប្រព័ន្ធអឡាញ (Zoom) រយៈពេល ០៣ថ្ងៃ ជូនដល់សិក្ខាកាម ជាគ្រូបង្គាល និងមន្ត្រីជំនាញថវិកា សរុបចំនួន ២០០នាក់ មកពីគ្រប់ក្រសួង-ស្ថាប័ន នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។
ឯកឧត្តម បន្តថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយបំពេញ នូវចំណុចខ្វះខាតមួយចំនួន រួមទាំងធ្វើបច្ចុប្បន្នភាពចំណេះដឹង ជូនដល់គ្រូបង្គោលជំនាញថវិកា នៅតាមក្រសួងស្ថាប័ន ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធកម្មវិធី, ការកំណត់សូចនាករ, ការរៀបចំអង្គភាពថវិកា និងការវិភាជថវិកាឱ្យចំកម្មវិធី និងគោលដៅអាទិភាពជាដើម ដើម្បីបង្កើនគុណភាពនៃការវិភាជថវិកា និងរៀបចំសូចនាករសមិទ្ធកម្មគន្លឹះ។ ដើម្បីផ្តល់ចំណេះដឹងបន្ថែម អំពីគោលការណ៍ និងវិធីសាស្រ្តនៃការរៀបចំថវិកាសមិទ្ធកម្ម ដែលក្រសួង-ស្ថាប័ន ត្រូវអនុវត្តសាកល្បង សម្រាប់ការរៀបចំថវិកាឆ្នាំ ២០២៣ ស្របតាមក្របខ័ណ្ឌពេលវេលា នៃការអនុវត្តផែនការសកម្មភាព នៃយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥។
ព័ត៌មានសមិទ្ធកម្ម មានតួនាទីសំខាន់ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏មិនទាន់ជាកត្តាកំណត់ដាច់ខាត សម្រាប់ធ្វើការសម្រេចក្នុងការវិភាជថវិកា ទាំងស្រុងនោះទេ ពោលគឺ ព័ត៌មានសមិទ្ធកម្ម ជាសមាសធាតុមូលដ្ឋានមួយ ដែលត្រូវប្រើគួបផ្សំជាមួយនឹងព័ត៌មានផ្សេងទៀត ពាក់ព័ន្ធនឹងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងអាទិភាពគោលនយោបាយ របស់រាជរដ្ឋាភិបាល សម្រាប់ជាមូលដ្ឋានរួម ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត លើការវិភាជថវិកា ឬបែងចែកធនធានជូនដល់ ក្រសួង-ស្ថាប័ន។
ឯកឧត្តម វង្សី វិស្សុត បានបន្តទៀតថា ចំណុចដែលខុសគ្នាមួយទៀត គឺ ថវិកាសមិទ្ធកម្ម ដែលត្រូវរៀបចំ និងមានការកំណត់កាន់តែច្បាស់លាស់ជាងមុខ អំពីសូចនាករសមិទ្ធកម្ម នៅតាមកម្រិតរចនាសម្ពន្ធកម្មវិធី ទាំងការកំណត់សូចនាករ លទ្ឋផលក្នុងឆ្នាំ និងទាំងសូចនាករលទ្ធផលចុងក្រោយ ដែលក្រសួង-ស្ថាប័ន គ្រោងនឹងសម្រេច ។ ឯកឧត្តម ក៏បានលើកឡើងផងដែរថា ថវិកាសមិទ្ធកម្មនេះ អាច ផ្ដល់ភាពបត់បែន ក្នុងការបង្កើតរចនាសម្ព័ន្ធកម្មវិធីដោយឡែក ឬមិនផ្អែកទាំងស្រុង ទៅលើរចនាសម្ព័ន្ធរដ្ឋបាល ប៉ុន្តែតម្រូវឱ្យមានការ វាស់វែងប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃកម្មវិធី តាមរយៈសូចនាករសមិទ្ធកម្ម ដោយផ្សារភ្ជាប់រវាងលទ្ធផលក្នុងឆ្នាំ និងលទ្ធផលចុងក្រោយ ឱ្យបានច្បាស់លាស់។
ឯកឧត្តម វង្សី វិស្សុត បានលើកឡើងទៀតថា កន្លងមក រាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញនូវអនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ក្នុងការជំរុញការប្រគល់សិទ្ធិអំណាច ជូនអង្គភាពថវិកា ទៅតាមក្រសួង-ស្ថាប័នទាំងអស់ ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យច្បាស់លាស់ ដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែម ក្នុងការរៀបចំ និងការគ្រប់គ្រងថវិកា ព្រមទាំងពង្រឹងការទទួលខុសត្រូវ ឱ្យកាន់តែច្បាស់លាស់ជាងមុន លើប្រតិបត្តិការអនុវត្តចំណាយ សំដៅឈានទៅសម្រេចលទ្ធផលការងារ ជាពិសេស គោលបំណងគោលនយោបាយ របស់ក្រសួង-ស្ថាប័ន។
ឯកឧត្តមបានបញ្ជាក់ថា ក្រសួងស្ថាប័នណាដែលបានរៀបចំ និងគ្រប់គ្រងថវិកាបានល្អ ក្រសួងស្ថាប័ននោះ នឹងទទួលបាន នូវការប្រគល់សិទ្ធិអំណាច កាន់តែច្រើនថែមទៀត៕ ដោយ វ៉េង លីមហួត