ប្រធានាធិបតី​រុ​ស្សី លោក Vladimir Putin ហាមឃាត់​ការ​នាំ​ចេញ​នាំ​ចូល​ផលិតផល និង​វត្ថុធាតុដើម ដើម្បី​ធានា​សន្តិសុខ​រុ​ស្ស៊ី​ 

ប្រធានាធិបតី​រុ​ស្សី លោក Vladimir Putin បាន​បញ្ជា​ឲ្យ​រឹត​បន្តឹង ឬ​ហាមឃាត់​ការ​នាំ​ចូល និង​នាំ​ចេញ​ផលិត​ផល និង​វត្ថុធាតុដើម​មួយ​ចំនួន​ពី​ប្រទេស​រុ​ស្ស៊ី​នៅ​ក្នុង​ឆ្នាំ ២០២២​នេះ​។ នេះ​បើ​យោង​តាម​ក្រឹត្យ​ស្តី​ពី​វិធានការ​សេដ្ឋកិច្ច​ពិសេស​បរទេស​ដែល​មាន​គោលដៅ​ធានា​សន្តិសុខ​របស់​រុ​ស្សី​។

បញ្ជី​ផលិតផល​ទាំងនោះ​នឹង​ត្រូវ​កំណត់​ដោយ​រដ្ឋាភិបាល​។

ឯកសារ​បញ្ជាក់​ថា «​ការ​ធានា​នូវ​ការ​អនុវត្ត​វិធានការ​សេដ្ឋកិច្ច​ពិសេស​បរទេស​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ២០២២៖ ការ​ហាមឃាត់​ការ​នាំ​ចេញ និង​នាំ​ចូល​ផលិតផល ឬ​វត្ថុធាតុដើម​ស្រប​តាម​បញ្ជី​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​សហព័ន្ធ​រុ​ស្ស៊ី​»​។

រដ្ឋាភិបាល​រុ​ស្ស៊ី​​នឹង​ត្រូវ​កំណត់​បញ្ជី​រដ្ឋ​ដែល​ត្រូវ​ស្ថិត​ក្រោម​ការ​សម្រេចចិត្ត​នេះ​ក្នុង​រយៈពេល ២​ស​ប្តា​ហ៍​។ ការ​ដាក់​កំហិត​ទាំងនោះ​មិន​រាប់​ប​ញ្ជូ​ល​ផលិតផល ឬ​វត្ថុធាតុដើម​ដែល​កំពុង​ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​ពលរដ្ឋ​សម្រាប់​តម្រូវការ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ឡើយ​។

លើស​ពី​នេះ​ទៅ​ទៀត គណៈរដ្ឋមន្ត្រី​នឹង​ត្រូវ​អនុញ្ញាតឲ្យ​ធ្វើការ​កំណត់​លក្ខណៈ​ពិស្តារ​នៃ​ការ​អនុវត្តន៍​លើ​វិធានការ​ទាំងនេះ​ទាក់ទង​នឹង​ផលិតផល ឬ​មនុស្ស ឬ​ក្រុមហ៊ុន​។

វិធានការ​ថ្មី​កំពុង​ត្រូវ​បាន​ដាក់​ចេញ​បន្ថែម​លើ​វិធានការ​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ​មុន​របស់​ប្រធានាធិបតី​។ កន្លង​មកនេះ រុ​ស្ស៊ី​បាន​ដាក់​វិធានការ​សេដ្ឋកិច្ច​ពិសេស ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិធានការ​របស់​អា​មេ​រិ​ក និង​ប្រទេស​ផ្សេង​ៗ និង​អង្គការ​អន្តរជាតិ ព្រមទាំង​វិធានការ​សេដ្ឋកិច្ច​បណ្តោះអាសន្ន​ក្នុង​គោលបំណង​ធានា​ស្ថេ​រ​ភាព​ហិរញ្ញវត្ថុ​រុ​ស្សី​៕

ads banner