សហភាពអឺរ៉ុបប្រកាសពីផែនការកាត់បន្ថយការពឹងផ្អែកឧស្ម័នរបស់រុស្ស៊ី

ព្រុចសែល៖ គណៈកម្មការអឺរ៉ុបបានប្រកាសនៅថ្ងៃអង្គារអំពីផែនការកាត់បន្ថយតម្រូវការរបស់សហភាពអឺរ៉ុប (EU) សម្រាប់ឧស្ម័នរុស្ស៊ីចំនួនពីរភាគបីនៅមុនដំណាច់ឆ្នាំនេះ ហើយរំពឹងថា ខ្លួននឹងមានឯករាជ្យពីការពឹងផ្អែកទៅលើឥន្ធនៈហ្វូស៊ីលរុស្ស៊ី នៅមុនឆ្នាំ ២០៣០ខាងមុខ។

គណៈកម្មាការអឺរ៉ុបបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃអង្គារថា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងតម្លៃថាមពលនៅអឺរ៉ុប និងភាពមិនច្បាស់លាស់នាពេលបច្ចុប្បន្នលើការផ្គត់ផ្គង់នោះ ផែនការ REPowerEU នឹងស្វែងរកការធ្វើពិពិធកម្មការផ្គត់ផ្គង់ឧស្ម័ន។ ជាមួយគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួស៊ុលឡា វ៉ុន ឌឺ ឡេយេន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អឺរ៉ុបត្រូវតែឯករាជ្យពីប្រេង ធ្យូងថ្ម និងឧស្ម័នរបស់រុស្ស៊ី ដោយបន្ថែមថា យើងត្រូវធ្វើសកម្មភាពឥឡូវនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងតម្លៃថាមពល, ធ្វើពិពិធកម្មការផ្គត់ផ្គង់ឧស្ម័នរបស់យើងសម្រាប់ពេលក្រោយ។ រដូវរងា និងពន្លឿនការផ្លាស់ប្តូរថាមពលស្អាត។

លោកស្រីបន្ថែមថា អឺរ៉ុបមានបរិមាណឧស្ម័នគ្រប់គ្រាន់សម្រាប់សប្តាហ៍ដែលនៅសល់ នៃរដូវរងានេះ ខណៈស្នងការថាមពលអឺរ៉ុបលោកស្រី កាទ្រី ស៊ីមសុន (Kadri Simson) បានសង្កត់ធ្ងន់ថា តម្រូវការក្នុងការបំពេញទុនបម្រុងសម្រាប់ឆ្នាំក្រោយ គឺជារឿងបន្ទាន់។

លោកស្រីបានអះអាងថា គណៈកម្មាការនឹងស្នើថា ត្រឹមថ្ងៃទី០១ ខែតុលាខាងមុខ ការស្តុកទុកឧស្ម័ននៅសហភាពអឺរ៉ុបត្រូវបំពេញឱ្យបានយ៉ាងហោចណាស់ ៩០ភាគរយ។ យើងក៏បានគូសបញ្ជាក់អំពីបទប្បញ្ញត្តិតម្លៃ, ជំនួយរដ្ឋ និងវិធានការពន្ធ ដើម្បីការពារគ្រួសារ និងអាជីវកម្មអឺរ៉ុបប្រឆាំងជាមួយផលប៉ះពាល់នៃការកើនឡើងតម្លៃដ៏ខ្ពស់៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner