ឯកឧត្តម ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនជួយសង្រោះជីវិត ព្រមទាំង ផ្តល់សិទ្ធិ និងឱកាសគ្រប់យ៉ាងជូនប្រជាជន ដោយគ្មានការរើសអើង
កំពត ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្មានថ្ងៃបោះបង់ ឬរត់ចោលប្រជាពលរដ្ឋឡើយ ។ គោលនយោបាយគណបក្ស ដើម្បីផ្សះផ្សារ បង្រួបបង្រួម ឯកភាពជាតិ រក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងនៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ជាក់ស្តែងរយៈពេលជាង ៤០ឆ្នាំនេះ ប្រមុខថ្នាក់ដឹកនាំមិនត្រឹមតែបានជួយសង្គ្រោះប្រទេសជាតិ និងអាយុជីវិតពលរដ្ឋម្តងហើយម្តងទៀតនោះទេ ថែមទាំងផ្តល់សិទ្ធិ និងឱកាសគ្រប់យ៉ាងដោយគ្មានការរើសអើងថែមទៀតផង។
ថ្លែងនៅក្នុងពីធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលអប់រំ «អាល់អាហ្វាហ្វ» របស់សមាគមប្រភពល្អកម្ពុជា ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពតនៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសនថា រយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលប្រសូតចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុនសែនជាប្រមុខ បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត យកអាយុជីវិតទៅប្តូរដើម្បីទឹកដីមាតុភូមិ និងប្រជាពលរដ្ឋ។
សម្តេចជួយរំដោះប្រទេសពីសង្គ្រាម ប្រលៃពូជសាសន៍ប៉ុល ពល , បានបង្រួបបង្រួមផ្សះផ្សារ ឯកភាពជាតិ និងស្វែងរកសន្តិភាពពេញបរិបូរណ៍ជូនប្រជាពលរដ្ឋ, សម្តេចបានប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសឲ្យរីកម្រើនលើគ្រប់វិស័យ, ផ្តល់សិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងដល់ពលរដ្ឋទូទៅ ដោយគ្មានការរើសអើង ពណ៌សម្បុរ ពូជសាសន៍ និងសាសនាអ្វីឡើយ។ ជាក់ស្តែងថ្មីៗនេះ សម្តេចបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋគ្រប់រូបម្តងទៀត តាមរយៈការផ្តល់វាក់សាំងការពារកូវីដ១៩ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋ ចាប់ពីកុមារអាយុវ៣ឆ្នាំឡើងទៅ ហើយមកដល់ពេលនេះការចាក់វ៉ាក់សាំងបានជាង ៩០ភាគរយ ធ្វើឲ្យកម្ពុជាអាចគ្រប់គ្រង់ស្ថានការកូវីដ១៩បាន។
ផ្ទុយស្រឡះពីលោកប្រធានបក្សប្រឆាំងដែលកំពុងដេកនៅក្រៅប្រទេស ដើម្បីដណ្តើមតំណែងនាយករដ្ឋមន្ត្រី រិះរកគ្រប់មធ្យោបាយដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ដោយមិនគិតពីផលប្រយោជន៍ ជាតិ និងប្រជាជនឡើយ។ ឯកឧត្តមស្នើឲ្យប្រជាពលរដ្ឋបន្តគាំទ្រគណបក្សប្រជាជន និងរក្សាសន្តិភាព។
សិស្សានុសិស្សខ្មែរមូស្លីម បានលើកឡើងថា ពួកគេសប្បាយចិត្ត ដែលមានថ្នាក់ដឹកនាំល្អអង់អាច ក្លាហាន មិនត្រឹមតែបានជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ ថែមទាំងព្រួយបារម្ភពីសុខទុក្ខ ជីវភាពរស់នៅរបស់ពលរដ្ឋថែមទៀតផង ។ ជាពិសេសយុវជនខ្មែរមូស្លីមមានសិទ្ធិ និងឱកាសទទួលការសិក្សា និងអភិវឌ្ឍសមត្ថភាព ឱកាសការងារច្រើនដូចយុវជនទូទៅនៅកម្ពុជាដែរ។
តាមរបាយការណ៍ពីធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលអប់រំ «អាល់អាហ្វាហ្វ» នាពេលនេះ មានអគារមួយខ្នងពីរជាន់ និងសមទ្ធផលផ្សេងទៀត សរុបជាថវិកាចំណួនជាង ១លាន ៧សែនដុល្លារ ៕ Sila Sarin














