លោកវរសេនីយ៍ឯក សេស វិបុល ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ពីអធិការនគរបាលស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទៅជាស្នងការរង នគរបាលខេត្តកំពត
បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក សេស វិបុល ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ពីអធិការនគរបាលស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យទៅជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពត ។ ចំណែក លោកវរសេនីយ៍ទោ អ៊ឹម សុភារ: ពីអធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតទៅជាអធិការនៃអធិការដ្ឋានស្រុកអូរជ្រៅ ។ នេះបើតាម ប្រកាសស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ ដែលអានដោយនាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាន លោកវរសេនីយ៍ឯក យី ប៊ុនរឿង ។
ពិធីនេះធ្វើឡើងនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
លោក នង ធឿន អភិបាលរងស្រុកអូរជ្រៅបានកត់សម្គាល់ពីតួនាទី ភារកិច្ចនិងស្នាដៃមិនអាចខ្វះបានរបស់សមត្ថកិច្ចនគរបាលលើការថែរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនពលរដ្ឋនិងមូលដ្ឋានតាមរយ:ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនិងការងារអន្តរាគមន៍ ការងារមនុស្សធម៏ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអបអរសាទរនិងលើកទឹកចិត្តមន្ត្រីនគរបាលដែលល្អទាំង ២រូប ឱ្យទទួលជោគជ័យលើតួនាទីភារកិច្ចថ្មី ហើយបន្តបង្កើតបាននូវទំនុកចិត្ត ភាពជឿជាក់ និងកក់ក្តៅថែមទៀតជូនអាជ្ញាធរមានសមត្ថកិច្ច និងពលរដ្ឋ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានណែនាំការងារទូទៅ ការងារជំនាញ ការងារមហាជន ការអន្តរាគមន៍ដល់លោកអធិការថ្មី ក៏ដូចជានាយ នាយរងនិងមន្ត្រីនគរបាលយកទៅអនុវត្តបន្តឱ្យបានលទ្ធផលល្អ មានប្រសិទ្ធិភាព និងប្រកបដោយការទទួលខុសត្រូវបន្ថែមទៀត ៕ដោយ៖ ឃិន គន្ធា










