មិនមែនជារឿងសម្ងាត់! សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ពីកងទ័ពស្វ័យការពារជប៉ុននឹងទៅទស្សនាកំពង់ផែរាម

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១១ ខែមីនានេះថា កងទ័ពស្វ័យការពារជប៉ុន គឺមកតាមនាវាដោយចូលសុំចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ ក្នុងអំឡុងពេលនោះ កងទ័ពស្វ័យការពារជប៉ុនក៏នឹងទៅមើលកំពង់ផែរាមផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ចំណុចសំខាន់បំផុត គឺកងទ័ពស្វ័យការពារជប៉ុនមកចូលរួមរម្លឹកខួបអបអរសាទរខួប៣០ឆ្នាំ ដែលកងទ័ពស្វ័យការពារជប៉ុនបានបញ្ជូនកម្លាំងចេញទៅក្រៅប្រទេស។ គឺប្រតិបត្តិការរក្សា សន្តិភាពអង្គការសហប្រជាជាតិនៅកម្ពុជាជាលើកទី១។

សម្តេចពិជ័យសេនា បានបន្តថា កិច្ចការងារនេះត្រូវបានការឯកភាពពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា គឺចូលរួមប្រារព្ធពិធីស្វាគមន៍អបអរសាទរខួប៣០ឆ្នាំ ដែលកងទ័ពស្វ័យការពារជប៉ុន បានបញ្ជូនកម្លាំងចេញទៅក្រៅប្រទេស គឺប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅកម្ពុជាជាលើកទី១ ហើយអាចនឹងមានពិធីសំណេះសំណាលក្នុងពេលប្រារព្ធខួប ៣០ឆ្នាំនេះផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូចច្នេះថា “យើងមានកម្មវិធីហើយកងទ័ពស្វ័យការពារជប៉ុននឹងទៅស្សនកិច្ចផែរាម។ យើងបានឯកភាពហើយឱ្យគាត់ទៅមើលផែរាម ដើម្បីទៅជួបសម្តែងការគួរសមជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររបស់យើងនៅរាម។ វាមិនមែនជារឿងចំហ រឿងសម្ងាត់ទេ ព្រោះតាំងពីណាពីណីមកយើងក៏មានផែដ៏តូចមួយ ពីព្រោះយើងនឹងទឹករាក់។ ដូច្នេះកន្លងមក ការចូលមកសុំចតនៅផែរាម មិនដែលមានទេ។ តែដោយសារកងស្វ័យការពារជប៉ុនមកជាមួយនាវាប្រភេទទឹករាក់ ហើយមានលក្ខណៈសម្បត្តិអាចចូលទៅផែរាមដ៏តូចរបស់យើងបាន។ សម្តេចពិជ័យសេនាបញ្ជាក់ថា អត់មានអីសម្ងាត់ទេ ឱ្យគាត់ចូលទៅ ដើម្បីឱ្យគាត់ឃើញថា ភាពតូចរបស់យើងនេះ ហើយយើងកំពុងតែធ្វើទំនើបកម្មឱ្យវាធំទូលាយនៅពេលខាងមុខ។ វាចាំបាច់អ៊ីចឹង។ ចាំបាច់យើងត្រូវពង្រីកធ្វើទំនើបកម្មនៅកំពង់ផែរាមនេះ”។

សូមជម្រាបថា នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿងប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គ្រោងនឹងចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រយៈពេលចាប់ពីថ្ងៃទី១៤-១៧ ខែមីនា ដើម្បីសម្តែងការគួរសម និងបំពេញទស្សនកិច្ចជាមិត្តភាពនៅកម្ពុជា និងជាការរំលឹកអបអរសាទខួបលើកទី៣០ នៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជា។ នាវាស្វ័យការពារជប៉ុនទាំងពីរគ្រឿង មានដូចជាៈ នាវាទី១.ឈ្មោះ URAGA – 463ជាប្រភេទនាវាប្រឆាំងមីនមាន បណ្ដោយ១៤១ម៉ែត្រ ទទឹង២២ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រ មានទម្ងន់ផ្ទុក ៥.៦៥០តោន និងមាននាវិកចំនួន១២៦នាក់។ នាវាទី២.ឈ្មោះ HIRADO – 305 មានបណ្ដោយ៦៧ម៉ែត្រ ទទឹង១១ម៉ែត្រ ជម្រៅទឹក២,៧ ម៉ែត្រ មានទម្ងន់ផ្ទុក៦៩០តោន និងមាននាវិក ចំនួន៥៤នាក់។ នាវាទាំងពីរគ្រឿងនេះ ដឹកនាំបញ្ជារួម ដោយលោក Noguchi Yasushi មេបញ្ជាការ កងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ប្រតិភូនាវាស្វ័យការពារជប៉ុននឹងជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕
ដោយ៖ពលជ័យ

ads banner