ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនដែលលេចធ្លោជាងគេប្រកបដោយបទ ពិសោធន៍លើសលប់ និងចក្ខុវិស័យខ្ពង់ខ្ពស់ 

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ថា នៅក្នុងការជ្រើសរើសថ្នាក់ដឹកនាំកំពូលរបស់ប្រទេសដែលជាបុគ្គលសំខាន់នៅក្នុងការកំណត់ទិសដៅអនាគត ធានារក្សាការពារសុខសន្តិភាព និងភាពសុខសាន្តសម្បូរសប្បាយជូនប្រទេសជាតិ និងប្រជាជន។ យើងអាចមើលឃើញថា សម្តេចតេជោគឺជាឥស្សរជនដែលលេចធ្លោជាងគេក្នុងនាមជាអ្នកនយោបាយប្រកបដោយបទពិសោធន៍លើសលប់ និងចក្ខុវិស័យខ្ពង់ខ្ពស់ដែលបានបង្ហាញនូវស្នាដៃ និងលទ្ធផលជាក់ស្តែងជាច្រើននៅក្នុងដំណាក់កាលផ្សេងៗ នៃប្រវត្តិសាស្ត្រកម្ពុជា ទាំងលើការរំដោះជាតិ ការកសាងការពារជាតិ និងការអភិវឌ្ឍជាតិដោយខុសស្រឡះពីអ្នកនយោបាយអគតិមួយចំនួន ដែលមិនធ្លាប់បានធ្វើអ្វីសោះ ក្រៅតែពីការញុះញង់អុចអាល បង្កភាពរើសអើង និងការស្អប់ខ្ពើមនៅក្នុងសង្គមជាតិខ្លួនឯង។

ការបញ្ជាក់នេះនៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបុព្វកសុវារី ហៅ វត្តជីទ្រុន ស្ថិតក្នុងនៅភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ មិនថានៅក្នុងប្រទេសកម្ពុជា ឬបណ្តាប្រទេសនានាលើ សាកលលោក ការលេចឡើងនូវអ្នកដឹកនាំដែលត្រូវទទួលកាន់ចង្កូតនាវាប្រទេសជាតិ គឺអាចនឹងមានបេក្ខជនច្រើន ដូចនឹងការរីកដុះដាលស្អេកស្កះនៃរុក្ខជាតិផ្សិតក្នុងរដូវភ្លៀងធ្លាក់ ដែលក្នុងនោះមានផ្សិតខ្លះពោរពេញដោយជីវជាតិផ្តល់ឱ្យអ្នកហូបទទួលបានសុខភាពល្អ ហើយក៏អាចមានផ្សិតខ្លះទៀតជាផ្សិតពុលអាចបង្កជំងឺ ​ឬគ្រោះថ្នាក់ធ្ងន់ដល់អាយុជីវិត ក៏ថាបាន។ ដូច្នេះការជ្រើសរើសឱ្យបានត្រឹមត្រូវគឺមានតែពឹងទៅលើការពិចារណាឱ្យបានហ្មត់ចត់ល្អិតល្អន់តាមរយៈមេរៀនបទពិសោធន៍ ឬលទ្ធផលស្រាវជ្រាវពិសោធន៍ជាក់ស្តែងដែលយើងធ្លាប់បានឆ្លងកាត់ផ្ទាល់ ឬអ្នកដទៃចែករំលែកឱ្យបានដឹង និងស្គាល់តែប៉ុណ្ណោះ៕ 

ដោយ៖ពលជ័យ

ads banner