គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កោតសរសើរចំពោះវឌ្ឍនភាពនានាដែលកម្ពុជាសម្រេចបាន 

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពនានាដែលកម្ពុជាសម្រេចបាន ក្នុងការអនុវត្តបទប្បញ្ញត្តិនៃការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងលើកជាសំណួរដើម្បីទទួលបានព័ត៌មាន ការបំភ្លឺ ការបកស្រាយ និងការពន្យល់បន្ថែមពាក់ព័ន្ធនឹងវិស័យមួយចំនួន ដូចជា ក្របខ័ណ្ឌច្បាប់ជាតិការបង្កើតស្ថាប័នសិទិ្ធមនុស្សជាតិ ការប្រឆាំងអំពើពុករលួយ ច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ច្បាប់កូវីដ-១៩ វិធានការច្បាប់ក្នុងស្ថានភាពកូវីដ បញ្ហានិទណ្ឌភាព ការមិនរើសអើង អំពើហិង្សាប្រឆាំងនារីភេទ ការសម្លាប់មនុស្សក្រៅប្រព័ន្ធ តុលាការ អំពើទារុណកម្ម ការដកហូតសេរីភាព ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចការងារ ឯករាជ្យភាពតុលាការ សេរីភាពបញ្ចេញមតិ សមាគមនិងការជួបប្រជុំលំហប្រជាធិបតេយ្យនិងសង្គមស៊ីវិល សិទ្ធិបោះឆ្នោត និងសិទ្ធិចូលរួមក្នុងកិច្ចការនយោបាយ ប្រព័ន្ធយុត្តិធម៌អនីតិជនបញ្ហា យុត្តិធម៌សង្គម បញ្ហាដីធ្លី និងសិទ្ធិជនជាតិដើមភាគតិចជាដើម។

ការកោតសរសើរនេះ បានធ្វើឡើងនៅក្នុងការពិនិត្យរបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR) ជុំទី៣ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្នុងសម័យប្រជុំលើកទី ១៣៤ របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

តំណាងឱ្យឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ជិន ម៉ាលីនអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រតិភូ អន្តរក្រសួង រួមមាន ក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ក្រសួងកិច្ចការនារី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងព័ត៌មាន ចំនួន៩រូប ចូលរួមការពិនិត្យរបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ជុំទី៣ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនាឆ្នាំ២០២២ ក្នុងសម័យប្រជុំលើកទី ១៣៤ របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១១ ខែមីនា បានឱ្យដឹងថា ការពិនិត្យរបាយការណ៍ជាតិរបស់កម្ពុជា បានប្រព្រឹត្តទៅក្នុងទម្រង់ហាយប្រ៊ីដ (Hybrid) ដោយគណៈប្រតិភូអន្តរក្រសួង/ស្ថាប័នចូលរួមតាមប្រព័ន្ធវីដេអូ ហើយឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែ ចូលរួមនៅក្នុងសាលប្រជុំដោយផ្ទាល់ជាមួយសមាជិក សមាជិការបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តថា ការពិនិត្យរបាយការណ៍ជាតិជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលធ្វើឡើងដើម្បីតាមដានការអនុវត្តបទប្បញ្ញត្តិទាំងឡាយដែលមានចែងនៅក្នុង ICCPR ដោយរដ្ឋភាគីការពិនិត្យរបាយការណ៍នេះ មិនមែនជាវេទិកាបណ្តុះបង្អាប់ រិះគន់ ឬវាយប្រហារគ្នា អំពីបញ្ហាសិទ្ធិមនុស្សនោះទេ តែប្រព្រឹត្តទៅក្នុងទម្រង់មួយជាកិច្ចសន្ទនាបែបស្ថាបនា (Constructive Dialogue រវាងគណៈប្រតិភូនៃរដ្ឋភាគី និងសមាជិក សមាជិកានៃគណៈកម្មាធិការ ក្នុងគោលដៅ ចែករំលែក ឬផ្លាស់ប្តូរគ្នាទៅវិញទៅមកនូវការអនុវត្តល្អៗ បទពិសោធន៍ ចំណុចខ្វះខាត កង្វល់ ឬបញ្ហាប្រឈមផ្សេងៗ ព្រមទាំងទិសដៅការងារទៅថ្ងៃអនាគត ដើម្បីធានានូវការអនុវត្តនិងការគោរព តាមបទប្បញ្ញត្តិ ICCPR នៅក្នុងរដ្ឋភាគី ជាគោលការណ៍រួម ក្រោយពីបញ្ចប់កិច្ចសន្ទនា គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នឹងចេញជាអនុសាសន៍ផ្សេងៗសម្រាប់ឱ្យរដ្ឋភាគីពិនិត្យនិងពិចារណាក្នុងការអនុវត្តបន្តទៀត ដើម្បីបំពេញនូវចំណុចខ្វះខាត និងធ្វើឱ្យស្ថានភាពសិទ្ធិ ពលរដ្ឋនិងសិទ្ធិនយោបាយ កាន់តែមានភាពល្អប្រសើរឡើងថែមទៀត។

ប្រភពដដែលបានបន្តថា នៅក្នុងកិច្ចសន្ទនារយៈពេលបីថ្ងៃនេះ សមាជិក សមាជិកានៃគណៈកម្មាធិការបានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពនានាដែលកម្ពុជាសម្រេចបាន ក្នុងការអនុវត្តបទប្បញ្ញត្តិនៃ ICCPR ព្រមទាំងលើកជាសំណួរដើម្បីទទួលបានព័ត៌មាន ការបំភ្លឺ ការបកស្រាយ និងការពន្យល់បន្ថែម ពាក់ព័ន្ធនឹងវិស័យមួយចំនួន ដូចជា ក្របខ័ណ្ឌច្បាប់ជាតិ ការបង្កើតស្ថាប័នសិទិ្ធមនុស្សជាតិ ការប្រឆាំង អំពើពុករលួយ ច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ច្បាប់កូវីដ-១៩ វិធានការច្បាប់ក្នុងស្ថានភាព កូវីដ បញ្ហានិទណ្ឌភាព ការមិនរើសអើង អំពើហិង្សាប្រឆាំងនារីភេទ ការសម្លាប់មនុស្សក្រៅប្រព័ន្ធ តុលាការ អំពើទារុណកម្ម ការដកហូតសេរីភាព ការជួញដូរមនុស្សនិងការកេងប្រវ័ញ្ចការងារ ឯករាជ្យភាពតុលាការ សេរីភាពបញ្ចេញមតិ សមាគមនិងការជួបប្រជុំលំហប្រជាធិបតេយ្យនិង សង្គមស៊ីវិល សិទ្ធិបោះឆ្នោតនិងសិទ្ធិចូលរួមក្នុងកិច្ចការនយោបាយ ប្រព័ន្ធយុត្តិធម៌អនីតិជនបញ្ហា យុត្តិធម៌សង្គម បញ្ហាដីធ្លី និងសិទ្ធិជនជាតិដើមភាគតិច ជាដើម។

ជាការឆ្លើយតប គណៈប្រតិភូកម្ពុជាបានរួមសហការគ្នាបានយ៉ាងល្អ ដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ក្នុងនាមជាតំណាងរដ្ឋអធិបតេយ្យ ធ្វើការឆ្លើយតប បកស្រាយ និងបំភ្លឺលើ បញ្ហាដែលបានលើកឡើងទាំងអស់នោះ ដោយផ្អែកលើទិដ្ឋភាពច្បាប់ជាតិ និងអន្តរជាតិ ការអនុវត្ត ជាអន្តរជាតិ ទិដ្ឋភាពនយោបាយ និងបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ព្រមទាំងបានធ្វើការបង្ហាញពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាលផងដែរ ក្នុងកិច្ចការលើកស្ទួយ និងការពារសិទ្ធិមនុស្ស ជាពិសេសក្នុងស្ថានភាពកូវីដ និងការកសាង ថែរក្សាបាន នូវសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ។

ជាការសន្និដ្ឋាន ដំណើរការនៃកិច្ចសន្ទនាបែបស្ថាបនានេះ បានផ្តល់ជាវេទិកាមួយសម្រាប់កម្ពុជា ដែលជារដ្ឋភាគីនៃ ICCPR ក្នុងការបង្ហាញនូវសមិទ្ធផលនានាដែលសម្រេចបាន ពន្យល់ បកស្រាយ ចំពោះការចោទប្រកាន់ផ្សេងៗពាក់ព័ន្ធនឹងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដើម្បីបង្ហាញពីកម្ពុជាពិត ហើយក៏ជាឱកាសក្នុងការទទួលបានអនុសាសន៍ពីអ្នកជំនាញផ្នែកសិទ្ធិមនុស្សផងដែរ។ ទន្ទឹមនេះ កិច្ចសន្ទនាបានប្រព្រឹត្តទៅ និងបញ្ចប់ប្រកបដោយការយោគយល់ ភាពរីករាយ និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់៕ 

ដោយ៖ពលជ័យ

ads banner