មន្ត្រីស្នងការនគរបាលខេត្តពោធិ៍សាត់ច្រានចោលការចោទប្រកាន់របស់គណបក្សភ្លើងទៀន រឿងឃាត់ខ្លួនបុគ្គលឈ្មោះ អ៊ុក សៅវ៉ារិន
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានច្រានចោលចំពោះការចោទប្រកាន់របស់គណបក្សភ្លើងទៀន ទាក់ទងការឃាត់ខ្លួនបុគ្គលឈ្មោះ អ៊ុក សៅវ៉ារិន គឺមិនពាក់ព័ន្ធនឹងរឿងនយោបាយទេ ដោយការឃាត់ខ្លួននេះ គឺធ្វើតាមបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានប្តឹងតែប៉ុណ្ណោះ។ ការចាប់ខ្លួននេះ គឺតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការ គឺមិនដូចជាការចោទប្រកាន់នោះទេ។

លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនគរបាលខេត្តពោធិ៍សាត់បានថ្លែងបញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី១៣ ខែមីនានេះថា “ករណីនេះ មានប្រជាពលរដ្ឋគាត់ប្តឹង ប្តឹងពីករណីក្លែងឯកសារលើប្រវត្តិរូបរបស់គាត់ និងចុះហត្ថលេខា យកទៅឈរឈ្មោះក្រុមប្រឹក្សាឃុំអន្សាចំបក់ ហើយសាម៉ីខ្លួនដើមបណ្តឹងទី១. អត់ចេះអក្សរ និងទី២.ការសរសេរលើប្រវត្តិរូប និងការចុះហត្ថលេខា គឺគាត់ហ្នឹង (អ៊ុក សៅវ៉ារិន) ជាអ្នកចុះហត្ថលេខាឱ្យគេទៀត។ គាត់ជាអ្នកកាន់ឯកសារទាំងអស់ ទាំងស៊ីញ៉េអី គឺគាត់ជាអ្នកចុះទាំងអស់”។
លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា បានបន្តថា សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ អ៊ុក សៅវ៉ារិន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ និងបានបញ្ជូនទៅតុលាការរួចហើយ និងបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ហើយមិនពាក់ព័ន្ធរឿងគណបក្សនយោបាយទេ គឺលោកធ្វើតែការងារពាក់ព័ន្ធរឿងព្រហ្មទណ្ឌទេ ពីព្រោះមានប្រជាពលរដ្ឋប្តឹងពីបទក្លែងឯកសារ។
ចៅក្រមស៊ើបសួរដាលាដំបូងខេត្តពោធិ៍សាត់ សុន នាថធាវី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនឈ្មោះ អ៊ុក សៅវ៉ារិន អាយុ៥៤ឆ្នាំ និងដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីអំឡុងខែមីនា ឆ្នាំ២០២២ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ៕
ដោយ៖ពលជ័យ

