ឈ្មួញជនជាតិចិន៣នាក់ត្រូវដាក់ពន្ធនាគារម្នាក់ៗមួយជីវិត ជួញដូរក្រោយសារធាតុញៀ.នជាង១គីឡូក្រាម
លោកស្រី សាយ ស្រីល័ក្ខណ៍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២កន្លងទៅ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលើជនជាប់ចោទជាជនជាតិចិនចំនួន៣នាក់ ដាក់ពន្ធនាគារម្នាក់ៗមួយជីវិត និងពិន័យជាប្រាក់ចំនួន១០០លានរៀល បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀ.នជាង១គីឡូក្រាម ។
ជនជាប់ចោទទាំង៣នាក់នេះ មាន ៖ ១-ឈ្មោះ Zi Sibei ហៅ ស៊ីន ភេទប្រុសអាយុ៤៩ឆ្នាំ, ២-ឈ្មោះ Ba Yun ភេទប្រុស អាយុ២៤ឆ្នាំ និង៣-ឈ្មោះ Hou Tao ហៅ ជី ភេទប្រុស អាយុ២៤ឆ្នាំ ។
សាលក្រមបានទុកសិទ្ធិឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍ក្នុងរយៈពេល៣០ថ្ងៃ បើសិនជាមិនសុខចិត្តចំពោះការកាត់ក្តីនេះ ។
សូមរំឭកថា កាលពីវេលាម៉ោងប្រមាណ១១និង២៥នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀ.ន«ក៤» ដឹកនាំដោយឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ដោយមានការចូលរួមសហការពីនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀ.ន នៅមុខបន្ទប់ជួល តាមផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជាលទ្ធផល បានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ និងដកហូតវត្ថុតាងសារធាតុញៀ.នមានប្រភេទមេតំហ្វេតាមីន(ICE) និងអ៊ិចស្តាស៊ី សរុបជាង១គីឡូក្រាម ជញ្ជីងថ្លឹងថ្នាំញៀ.ន១គ្រឿង និងទូរស័ព្ទ២គ្រឿង ។ ក្រោយពីត្រូវឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានតុលាការឃុំខ្លួនចាប់តាំងពីពេលនោះមក រហូតដល់មានសាលក្រមផ្តន្ទាទោសក្នុងម្នាក់ៗមួយជីវិត ៕