គណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារដើមថ្កូវ បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ១២៦នាក់
គណៈកម្មាធិការគណបក្សសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានរៀបចំពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារដើមថ្កូវ ចំនួន ១២៦នាក់។
ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ថេង សុថុល ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន និងលោក ឡេង តុង ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ។ ពិធីនេះដែរ ក៏មានការចូលរួមពីអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ប្រធានគណៈអចិន្ត្រៃយ៍គណបក្សសង្កាត់ផ្សារដើមថ្កូវ សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដើមថ្កូវ និងសមាជិកបក្សថ្មីទាំង ១២៦នាក់។
ក្នុងឱកាសនោះ លោក ឡេង តុង បានពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខពី លោក អ៉ិត សំហេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន ដល់សមាជិក សមាជិកាទាំងអស់។ លោកមានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះសមាជិកថ្មីចំនួន ១២៦នាក់ ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ហើយលោកក៏បានបញ្ជាក់ថា បងប្អូនទាំងអស់គ្នាពិតជាសម្រេចចិត្តបានត្រឹមត្រូវហើយ ព្រោះគណបក្សប្រជាជនកម្ពុជា ជាបក្សនយោបាយដែលបានសាងស្នាដៃជាច្រើនម្រាប់សង្គមជាតិ និងមានគោលនយោបាយច្បាស់លាស់ក្នុងការកសាងជាតិ ហើយសមាជិកថ្មីទាំងអស់ ជាទំពាំងស្នងឬស្សីរបស់គណបក្ស ក៏ដូចប្រទេសជាតិផងដែរ។
លោកបានបន្តទៀតថា មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព សន្តិភាពនាំមកនូវស្ថិរភាព និងការអភិវឌ្ឍ រដ្ឋាភិបាលបានគិតគូរយ៉ាងខ្លាំងចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសជំរុញការចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា និងបានឧបត្ថម្ភជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រផងដែរ។
ជាកិច្ចបញ្ចប់លោក ក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ដូចខាងក្រោម៖
១៖ ស្វែងយល់ពីគោលនយោបាយរបស់
២៖ សាមគ្គីភាពផ្ទៃក្នុងបក្ស ស្មោះត្រង់បក្ស ការពារគណបក្សឱ្យបានគង់វង្ស
៣៖ រក្សាសន្តិភាពដល់ក្មេងជំនាន់ក្រោយ
៤៖ ខិតខំរៀនសូត្រ ធ្វើជាលពរដ្ឋល្អ ជាធនធានមនុស្សចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ
៥៖ ចេះឆ្លើយតមចំពោះការវាយប្រហារ និងលាបពណ៌ពីក្រុមប្រឆាំង
៦៖ ត្រូវថែទាំសុខភាព
៧៖ សមាជិកម្នាក់ សន្លឹកឆ្នោត ១សន្លឹក
៨៖ គាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត
ចំណែក លោក ថេង សុថុល ក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីទាំង ១២៦នាក់ ផងដែរ។ លោកបានលើកទឹកចិត្តសមាជិកទាំងអស់ជឿជាក់ ស្វែងយល់ពីគោលនយោបាយរបស់បក្ស និងគោរពស្រលាញ់គណបក្សប្រជាជនកម្ពុជា ព្រមទាំងចូលរួមកម្មភាពនានាជាមួយបក្ស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកបានបន្តទៀតថា រដ្ឋាភិបាលបានខិតខំប្រឹងប្រែងចំពោះការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ។ លោកបានក៏បានគូសបញ្ជាក់ផងដែរថា ទន្ទឹមនឹងការជោគជ័យនេះ ក៏អាស្រ័យដោយមន្រ្តីគ្រប់ផ្នែក គ្រប់ថ្នាក់ក្នុងមូលដ្ឋានខិតខំក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន លោកក៏បានស្នើឱ្យមន្រ្តីគ្រប់ផ្នែក គ្រប់ថ្នាក់ក្នុងសង្កាត់ផ្សារដើមថ្កូវ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានតម្លាភាព។
ក្នុងឱកាសនោះដែរ លោក ឡេង តុង បានឧបត្ថម្ភថវិកាដល់សមាជិកបក្សថ្មីក្នុងម្នាក់ ទទួលបាន ២០០០០រៀល និងប្រធានគណៈអចិន្ត្រៃយ៍សង្កាត់ផ្សារដើមថ្កូវ ឧបត្ថម្ភ អាវបក្ស និងមួកបក្សផងដែរ៕