អាមេរិកប្រាប់ពលរដ្ឋខ្លួនឱ្យចាកចេញពីអ៊ុយក្រែនជាបន្ទាន់ ខណៈស្ថានការណ៍កាន់តែអាក្រក់ខ្លាំង 
ស្ថានទូតអាមេរិកប្រចាំរដ្ឋធានីគៀវ របស់អ៊ុយក្រែនបានជំរុញពលរដ្ឋខ្លួនជាថ្មីម្តងទៀតឲ្យចាកចេញពីប្រទេសអ៊ុយក្រែនភ្លាម ដោយសារការវា.យប្រហារជាបន្តបន្ទាប់របស់រុស្សីធ្វើឲ្យស្ថានភាពសន្តិសុខកាន់តែអាក្រក់ខ្លាំង និងមិនអាចដឹងទុកមុនបាន។
ទូតអាមេរិកបានព្រមានពលរដ្ឋខ្លួនដែលនៅកំពុងនៅអ៊ុយក្រែនឲ្យពិចារណាឲ្យបានហ្មត់ចត់ពីផ្លូវ និងហានិភ័យនៃការធ្វើដំណើរ ខណៈដែលផ្លូវនៅអ៊ុយក្រែននឹងមានមនុស្សកកកុញ ប្រឈមនឹងប្រតិបត្តិការប្រយុទ្ធ ឬមានហេដ្ឋារចនាសម្ព័ន្ធកាន់តែពិបាកដោយសារការខូចខាតស្ពាន និងផ្លូវ។
សូមរម្លឹកថា ការឈ្លានពានរបស់ប្រធានាធិបតីរុស្សី Vladimir Putin លើប្រទេសអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី ១៩ហើយនៅថ្ងៃសៅរ៍ ទី ១៤ ខែកុម្ភៈនេះ។ កងទ័ពរុស្សីបានធ្វើការឡោមព័ទ្ធទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន ខណៈកងទ័ពអ៊ុយក្រែនបានធ្វើការតស៊ូប្រយុទ្ធយ៉ាងសិ្វតស្វាញដើម្បីការពាររដ្ឋធានីគៀវ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញសារជាថ្មីម្តងទៀតឲ្យអង្គការណាតូ (NATO) បង្កើតតំបន់គ្មានការហោះហើរលើប្រទេសរបស់លោក បើមិនដូច្នេះទេប្រទេសសមាជិកណាតូអាចនឹងត្រូវបានវា.យប្រហារដោយរុស្សី។ ការថ្លែងរបស់លោកកើតឡើងក្រោយពេលកងទ័ពរុស្សីបានធ្វើការវា.យប្រហារមូលដ្ឋានទ័ពអ៊ុយក្រែននៅព្រំដែនដែលមានចំងាយប្រមាណ ២៥គីឡូម៉ែត្រពីប្រទេសប៉ូឡូញដែលជាសមាជិកអង្គការណាតូ។
ចាប់តាំងពីមានសង្គ្រាមមក ជនភៀសខ្លួនជិត ២លាននាក់បានភៀសខ្លួនចេញពីប្រទេសទៅកាន់ប្រទេសជិតខាងដូចជា ប៉ូឡូញ រ៉ូម៉ានី ហុងគ្រី និងម៉ុលដាវីជាដើម។ នេះបើយោងតាមអង្គការសហប្រជាជាតិ ៕