អតីតសមាជិក អតីតគណបក្សសង្គ្រោះជាតិ ១៧២នាក់ ក្នុងឃុំចុងអំពិល ស្រុកកញ្ជ្រៀច ចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា 
លោក ប៉ុល រតនា ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំចុងអំពិល រួមជាមួយលោក សយ សុត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ដែលជាអតីតសមាជិក អតីតគណបក្សសង្គ្រោះជាតិ ចំនួន ១៧២ នាក់។
ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដោយមានការចូលរួមពីក្រុមការងារ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ជាច្រើននាក់ផងដែរ។
លោក សយ សុត បានថ្លែងអំណរគុណចំពោះ អតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិ ដែលវិលមករួមរស់ជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ លោកចាត់ទុកថា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះថាគណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ ដែលមានវ័យចំណាស់ខាងនយោបាយ និងមានគោលនយោបាយច្បាស់លាស់ដឹកនាំប្រទេស ឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ។
ប្រធានគណបក្សប្រជាជនកម្ពុជាស្រុក បានអំពាវនាវដល់សមាជិកសមាជិកាថ្មីទាំងអស់ នៅពេលរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខ ទៅចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យបានទាំងអស់គ្នា ដើម្បីឲ្យក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលតំណាងឱ្យគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដឹកនាំនិងអភិវឌ្ឍមូលដ្ឋាន រីកចម្រើនប្រសើឡើងទៅមុខជាលំដាប់។
ថ្លែងក្នុងឱកាសនោះដែរ លោក ប៉ុល រតនា បានថ្លែងថា ប្រទេសជាតិមានអ្វីៗដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មានការខកចិត្តម្ដងណាឡើយ។
លោកបានអំពាវនាវដល់សមាជិកបក្សទាំងចាស់ និងថ្មី ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាពឱ្យបានដាច់ខាត ដោយមិនត្រូវឲ្យជនអគតិណាមួយមកបំផ្លាញបានឡើយ ជាពិសេសត្រូវបង្កើនការសមាជិកបក្សបន្ថែមទៀត គឺពង្រឹងចាស់ ពង្រីកថ្មី។
លោកក៏បានផ្ដល់ជូននូវវិទ្យុទំនាក់ទំនង ចំនួន ៥០ គ្រឿង ដែលជាអំណោយរបស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដល់ប្រជាការពារភូមិ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងរាល់ពេលមានសកម្មភាព អសកម្ម ណាមួយ ដែលកើតមានឡើងនៅក្នុងភូមិ ឃុំ របស់ខ្លួន ដើម្បីធានាបានមូលដ្ឋានមានសុខ សុវត្ថិភាពល្អ។
លោកប្រធានក្រុមការងារ បានចុះពិនិត្យការបើកការដ្ឋានស្ដារប្រឡាយ និងលើកផ្លូវប្រវង ៥៥០ ម៉ែត្រ ជាអំណោយនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ចូនប្រជាពលរដ្ឋ ដើម្បីទុកជាប្រយោជន៍រួម ក្នុងការប្រើប្រាស់ទាំងអស់គ្នា។ ជាមួយគ្នានេះដែរ លោកក៏បានផ្ដល់នូវសាលាមត្តេយ្យ ថ្មី ចំនួន១ខ្នងទៀត នៅក្នុងភូមិចំបក់ ឃុំចុងអំពិល ដើម្បីសម្រាប់កុមារក្នុងការសិក្សា ខណៈរហូតមកដល់ពេលនេះ លោកក៏បានកសាងសាលាមត្តេយ្យ បានចំនួន ២ ខ្នងរួចមកហើយគឺនៅក្នុងភូមិ ពារោង និងភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង៕