សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសំណេះសំណាលជាមួយនាយនាវី និងពលនាវឹកស្វ័យការពារជើងទឹកជប៉ុន នៅល្ងាចថ្ងៃស្អែកនេះ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមការគ្រោងទុក នឹងអញ្ជើញជួបសំណេះសំណាលជាមួយនាយនាវី និងពលនាវឹកស្វ័យការពារជើងទឹកជប៉ុន នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នាសណ្ឋាគារសុខាខេត្តព្រះសីហនុ ក្នុងឱកាសដែល នាវាស្វ័យការពារជប៉ុន ចំនួន ២គ្រឿង ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គ្រោងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីអបអរសាទខួបលើកទី៣០ នៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជា ។

សូមជម្រាបជូនថា បើតាមមន្ត្រីកងទព័ជើងទឹកកម្ពុជា បានឱ្យដឹងថា៖ នាវាស្វ័យការពារជប៉ុន ចំនួន ២គ្រឿង ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គ្រោងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ៣ថ្ងៃ ដើម្បីសម្តែងការគួរសម និងបំពេញទស្សនកិច្ចជាមិត្តភាពនៅកម្ពុជា និង ជាការរំលឹកអបអរសាទខួបលើកទី៣០ នៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជា ។

ប្រភពដដែលបានបន្តថា៖ ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ប្រតិភូនាវាស្វ័យការពារជប៉ុន នឹង ជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

សូមបញ្ជាក់ថា នាវាទី១-ឈ្មោះ URAGA – 463 ជាប្រភេទនាវាប្រឆាំងមីន មានបណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅទឹក ៥,៤ម៉ែត្រ មានទំងន់ផ្ទុក ៥.៦៥០តោន និងមាននាវិកចំនួន ១២៦នាក់ ។ នាវាទី២-ឈ្មោះ HIRADO – 305 មានបណ្ដោយ ៦៧ម៉ែត្រ ទទឹង ១១ម៉ែត្រ ជម្រៅទឹក ២,៧ម៉ែត្រ មានទំងន់ផ្ទុក ៦៩០តោន និងមាននាវិក ចំនួន ៥៤នាក់។ នាវាទាំង ២គ្រឿងនេះ ដឹកនាំបញ្ជារួមដោយលោក Noguchi Yasushi មេបញ្ជាការកងពលធំទី១ បោសសំអាតមីនប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner