មេដឹកនាំបាតុកម្មខុសច្បាប់ស្វែងរកការចរចាដោះស្រាយនិងអំពាវនាវឱ្យបុគ្គលិក និងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍រក្សាភាពស្ងប់ស្ងាត់

ភ្នំពេញ៖ នៅទីបំផុត មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនណាហ្គាវើលដ៍ និងអតីតបុគ្គលិកសរុបចំនួន៨រូប ដែលកំពុងនៅក្នុងពន្ធនាគារព្រៃស បានធ្វើលិខិតស្នើសុំទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងរកការចរចាដោះស្រាយទូទាត់សំណងតាមផ្លូវច្បាប់ផ្លូវច្បាប់ និងបានអំពាវនាវឱ្យបុគ្គលិក និងអតីតបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍សម្រាកនៅផ្ទះ និងរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាសសម្រាប់ការចរចាជាមួយក្រុមហ៊ុន និងក្រសួងការងារ។

នេះបើយោងតាមលិខិតរបស់កញ្ញា ឈឹម ស៊ីថរ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលលវិជ្ជាជីវៈ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។ យោងតាមលិខិតដាច់ដោយឡែកពីគ្នាចំនួន៨ច្បាប់ របស់អតីតកញ្ញា ឈឹម ស៊ីថរ និងអតីតបុគ្គលិកចំនួន៧នាក់ផ្សេងទៀត ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ចប់បញ្ហាវិវាទជាមួយក្រុមហ៊ុនណាហ្គាលវើលដ៍ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់គ្រប់ភាគី សូមអំពាវនាវដល់បុគ្គលិក និងអតីតបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាលវើលដ៍ទាំងអស់ដូចខាងក្រោម៖
ទី១.ចំពោះបុគ្គលិក និងកម្មករកំពុងធ្វើកូដកម្មមិនទាន់បានចូលធ្វើការវិញ សូមចូលធ្វើការទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍នៅកន្លែងការងារ និងបង្កបរិយាកាសសម្រាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់។
ទី២.ចំពោះបុគ្គលិកដែលក្រុមហ៊ុនណាហ្គាវើលដ៏ បញ្ឈប់ពីការងារសូមសម្រាកនៅផ្ទះ ឬរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិកាសសម្រាប់យើងខ្ញុំចរចាជាមួយក្រុមហ៊ុនណាហ្គាលវើលដ៏ និងក្រសួងការងារ ដើម្បីស្វែងរកដំណោះស្រាយ និងទូទាត់សំណងតាមផ្លូវច្បាប់ជូនដល់បងប្អូន។
ទី៣.ចំពោះបុគ្គលិក ដែលបានចូលរួមធ្វើកូដកម្មកន្លងមក សូមឱ្យក្រុមហ៊ុនកុំមានគំនុំគុំគួន ឬដាក់ទោសទណ្ឌ ឬបង្ខំធ្វើកិច្ចសន្យាផ្សេងៗឡើយ។

កញ្ញា ឈឹម ស៊ីថរ និងអតីតបុគ្គលិកណាហ្គាវើលដ៍ ដែលកំពុងជាប់នៅក្នុងពន្ធនាគារព្រៃស បានបញ្ជាក់ថា ដើម្បីឈានទៅបញ្ចប់បញ្ហាទាំងនេះ ជាពិសេសការដោះស្រាយ និងទូទាត់សំណងតាមផ្លូវច្បាប់ជូនកម្មករ ដែលត្រូវក្រុមហ៊ុនណាហ្គាលវើលដ៍បញ្ឈប់ពីការងារ យើងខ្ញុំសំណូមពរដល់ក្រសួងមានសមត្ថកិច្ច ជាពិសេស ក្រសួងការងារ សូមមេត្តាជួយអន្តរាគមន៍តាមផ្លូវច្បាប់ដើម្បីឱ្យពួកយើងខ្ញុំ បាននៅក្រៅឃុំជាបណ្តោះអាសន្នធ្វើជាប្រតិភូតំណាងបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាលវើលដ៍ ក្នុងការដោះស្រាយវិវាទខាងលើ ដោយយើងខ្ញុំសូម សន្យាថាមិនធ្វើការប្រមូលផ្តុំតវ៉ា ឬដឹកនាំការតវ៉ាណាមួយដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណៈ និងសន្តិសុខសង្គមជាតិឡើយ។

ទាក់ទងនឹងអ្នកដែលទទួលយកការទូទាត់ពីក្រុមហ៊ុនណាហ្គាវើលដ៍ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា “ក្នុងចំណោមបុគ្គលិកណាហ្គាវើលដ៍មានចំនួន៣៦០នាក់ ដែលធ្វើបាតុកម្ម គឺមានចំនួន១៣៦នាក់ហើយ ដែលព្រមទទួលការទូទាត់ដែលក្រសួង និងក្រុមហ៊ុនណាហ្គាវើលដ៍បានទូទាត់អត្ថប្រយោជន៍ផ្សេងៗ នៅពេលដែលបញ្ចប់កិច្ចសន្យាការងារ។ នៅសល់ប៉ុន្មានទៀតសង្ឃឹមថា ពួកគាត់នឹងមកទទួលយកហើយយើងអាចនឹងបញ្ចប់កិច្ចការងារនេះទៅតាមសេចក្តីបង្គាប់របស់អាជ្ញាកណ្តាល។ កន្លងមកក្រសួងក៏តែងតែអំពាវនាវដែរឱ្យគាត់អញ្ជើញមកក្រសួងដើម្បីស្តាប់ការពន្យល់ ហើយបើគាត់មានសំណូមពរអីផ្សេងក៏អាចលើកឡើងជាមួយក្រសួងដើម្បីធ្វើការដោះស្រាយ ហើយនឹងអាចសម្របសម្រួលជាមួយក្រុមហ៊ុនជូនគាត់ ហើយសង្ឃឹមថា បងប្អូនទាំងអស់នឹងយល់បញ្ហានេះ។ នៅក្នុងបរិបទ នៃកូវីដ-១៩ បញ្ហាវាជួបបញ្ហាស្មុគស្មាញលំបាកទាំងអស់គ្នា អ៊ីចឹងទេដើម្បីសម្រួលបញ្ហានេះ សូមអំពាវនាវឱ្យបងប្អូនអញ្ជើញមកដើម្បីបន្តការដោះស្រាយ ហើយក្រសួងបានចាត់មន្ត្រីឱ្យរង់ចាំទទួលដោះស្រាយរាល់ពេលវេលា៕
ដោយ៖ពលជ័យ

ads banner