លោកបណ្ឌិត គិន ភា៖ ដំណើរទស្សនកិច្ចរបស់កងទ័ពស្វ័យការពារជប៉ុនទៅកាន់កំពង់ផែរាម គឺល្មមនឹងបិទបញ្ចប់នូវការចោទប្រកាន់ ការសង្ស័យរបស់អាម៉េរិក
ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគ បានថ្លែងថា ដំណើរទស្សនកិច្ចរបស់កងទ័ពស្វ័យការពារជប៉ុនទៅកាន់កំពង់ផែរាម គឺជាការបង្ហាញនូវការពិត បង្ហាញនូវតម្លាភាពមួយដែលកម្ពុជាមានចំពោះពិភពលោក និងចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងឡាយ។ វាគឺជាការបេសកកម្មមួយដែលល្មមនឹងបិទបញ្ចប់នូវការចោទប្រកាន់ ការសង្ស័យរបស់សហរដ្ឋអាម៉េរិក និងការចោទប្រកាន់របស់បស្ចិមប្រទេសមួយចំនួន ដែលតែងតែយកបញ្ហាកំពង់ផែរាមជាកម្មវត្ថុនយោបាយ ហើយមានការប្រឌិត ឬក៏មានការចោទប្រកាន់កម្ពុជាមិនចេះចប់មិនចេះហើយលើករណីនេះ។ លោកយល់ថា កងទ័ពស្វ័យការពារជប៉ុនទៅកាន់កំពង់ផែរាម និងបានជាសាក្សី និងជាទឡ្ហីករណ៍អំពីតម្លាភាព អំពីភាពស្អាតស្អំរបស់កម្ពុជាជុំវិញការចោទប្រកាន់ទាំងឡាយពាក់ព័ន្ធជាមួយនឹងមូលដ្ឋានយោធាបរទេសនៅកំពង់ផែរាមនេះ។

បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ប្រាប់ AMS ថា នាវាស្វ័យការពារជប៉ុនចំនួន២គ្រឿង ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ នៅថ្ងៃទី១៥ ខែមីនា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយកងកស្វ័យការពារជប៉ុន និងនៅថ្ងៃទី១៦ ខែមីនា កងទ័ពស្វ័យការពារជប៉ុន នឹងអញ្ជើញទៅទស្សនកិច្ចនៅកំពង់ផែរាម។
លោកបណ្ឌិត គិន ភា បានមានប្រសាសន៍ប្រាប់ AMS កាលពីល្ងាចថ្ងៃទី១៤ ខែមីនានេះថា ដំណើរទស្សនកិច្ចរបស់កងទ័ពស្វ័យការពារជប៉ុនមកកម្ពុជា និងទៅទស្សនានៅកំពង់ផែរាម គឺមានអត្ថន័យធំធេងណាស់។ ចំណុចទី១.បង្ហាញពីសារៈសំខាន់ នៃការរួមចំណែករបស់ជប៉ុននៅក្នុងការរក្សាសន្តិភាព ការកសាងសន្តិភាពនៅប្រទេសកម្ពុជា ពីព្រោះគឺជាខួបទី៣០ឆ្នាំ ហើយគឺជាលើកទី១ ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ ដែលជប៉ុនបានបញ្ចេញកងស្វ័យការពាររបស់ខ្លួនសម្រាប់បេសកកម្ម ឬក៏ប្រតិបត្តិការរក្សាសន្តិភាពនៅក្រៅប្រទេស ត្បិតក្រោយសង្គ្រាមលោកលើកទី២ ធម្មនុញ្ញសន្តិភាពរបស់ជប៉ុន គឺមិនអនុញ្ញាតឱ្យជប៉ុនចេញក្រៅប្រទេសទេ ហើយកងទ័ពស្វ័យការពារជប៉ុនមកកម្ពុជានេះ គឺជាលើកទី១ ក្នុងប្រវត្តិសាស្ត្រ នៃប្រទេសជប៉ុនក្រោយសង្គ្រាមលោកលើកទី២។ ចំណុចទី២.ដំណើរទស្សនកិច្ចរបស់កងទ័ពស្វ័យការពារជប៉ុនមកកម្ពុជា និងទៅកាន់តំបន់កំពង់ផែរាមនេះ ក៏វាឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងប្រទេសកម្ពុជា និងជប៉ុន ជាពិសេសការវិវឌ្ឍថ្មីៗ នៃចំណងទាក់ទងនៃប្រទេសទាំងពីរនេះ កាន់តែមានការរីកចម្រើនស៊ីជម្រៅស្ទើរគ្រប់វិស័យ។ ជាពិសេស បើសិនជាប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការគ្នាកាន់តែស៊ីជម្រៅលើវិស័យសន្តិសុខ និងវិស័យការពារជាតិ វានឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរអាចចាត់ទុកថា ជាទំនាក់ទំនងដៃគូរជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រោះត្បិតកន្លងមកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងជប៉ុន គឺអត់ទាន់ឃើញមានកម្រិតមួយធំធេងដូចជាការធ្វើសមយុទ្ធរួមគ្នានៅឡើយទេ ហេតុនេះហើយបានជាមិនទាន់គ្រប់ជ្រុងជ្រោយ។ បើសិនជាតាមរយៈនៃដំណើរការទស្សនកិច្ចនេះ វាបន្ថែមទម្ងន់ទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះជាចំណុចដ៏មានសារៈសំខាន់ពាក់ព័ន្ធជាមួយនឹងដំណើរទស្សនកិច្ចនៃកងទ័ពស្វ័យការពារជប៉ុនមកកាន់កម្ពុជា។
លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា “ចំណុចដែលសំខាន់ជាងនេះ ដែលខ្ញុំមានការចាប់អារម្មណ៍ជាពិសេសនោះគឺថា ដំណើរទស្សនកិច្ចក៏នឹងត្រូវធ្វើផងដែរនៅកំពង់ផែរាម។ កំពង់ផែរាមនេះ បានក្លាយទៅជាកម្មវត្ថុដែលសហរដ្ឋអាម៉េរិក និងពួកបស្ចិមប្រទេសមួយចំនួនមានការចោទប្រកាន់កម្ពុជាថា បានអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ចិននៅកំពង់ផែរាម។ ដំណើរទស្សនកិច្ចរបស់កងទ័ពស្វ័យការពារជប៉ុនទៅកាន់កំពង់ផែរាមនេះ គឺជាការបង្ហាញនូវការពិត បង្ហាញនូវតម្លាភាពមួយដែលកម្ពុជាមានចំពោះពិភពលោក ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងឡាយ។ លោកគិតថា វាគឺជាការបេសកកម្មមួយដែលល្មមនឹងបិទបញ្ចប់នូវការចោទប្រកាន់ ការសង្ស័យរបស់សហហរដ្ឋអាម៉េរិក និងការចោទប្រកាន់របស់បស្ចិមប្រទេសមួយចំនួនដែលតែងតែយកបញ្ហាកំពង់ផែរាម ជាកម្មវត្ថុនយោបាយ ហើយមានការប្រឌិត ឬក៏មានការចោទប្រកាន់កម្ពុជាមិនចេះចប់មិនចេះហើយលើករណីនេះ។ លោកបណ្ឌិតយល់ថា កងទ័ពស្វ័យការពារជប៉ុនទៅកាន់កំពង់ផែរាម និងបានជាសាក្សី និងជាទឡ្ហីករណ៍អំពីតម្លាភាព អំពីភាពស្អាតស្អំរបស់កម្ពុជាជុំវិញការចោទប្រកាន់ទាំងឡាយពាក់ព័ន្ធជាមួយនឹងមូលដ្ឋានយោធាបរទេសនៅកំពង់ផែរាមនេះ។
សូមជម្រាបថា នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿងប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គ្រោងនឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៤-១៧ ខែមីនា ឆ្នាំ២០២២ ដើម្បីសម្តែងការគួរសម និងបំពេញទស្សនកិច្ចជាមិត្តភាពនៅកម្ពុជា និងជាការរំលឹកអបអរសាទខួបលើកទី៣០ នៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជា។ នាវាស្វ័យការពារជប៉ុនទាំងពីរគ្រឿងមានដូចជាៈ នាវាទី១.ឈ្មោះ URAGA – 463 ជាប្រភេទនាវាប្រឆាំងមីនមានបណ្ដោយ ១៤១ ម៉ែត្រ ទទឹង ២២ ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រ មានទំងន់ផ្ទុក ៥.៦៥០ តោន និងមាននាវិក ចំនួន១២៦នាក់។ នាវាទី២.ឈ្មោះ HIRADO – 305 មានបណ្ដោយ ៦៧ ម៉ែត្រ ទទឹង ១១ ម៉ែត្រជម្រៅទឹក ២,៧ ម៉ែត្រ មានទំងន់ផ្ទុក ៦៩០ តោន និងមាននាវិក ចំនួន៥៤នាក់។ នាវាទាំងពីរគ្រឿងនេះ ដឹកនាំបញ្ជារួមដោយលោក Noguchi Yasushi មេបញ្ជាការ កងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕
ដោយ៖ពលជ័យ

