សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សាររំលែកមរណទុក្ខ ផ្ញេីជូន ឧកញ៉ា ម៉ឹង ប៊ុនហូវ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ឧកញ៉ា ជាទីរាប់អាន!
ខ្ញុំ និងភរិយា មានសេចក្តីសង្វេគសោកស្តាយឥតឧបមាចំពោះមរណ ភាពរបស់ មហាសប្បុរសមង្គល សិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ត្រូវជាឪពុកបង្កើតរបស់ឧកញ៉ា ដែលបានទទួល មរណភាពកាលពីថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៧ឆ្នាំ វេលាម៉ោង ០៣:០៦នាទីទៀបភ្លឺ ដោយជរាពាធ ។
ស្ថិតក្នុងវេលាប្រកបដោយសេចក្តីទុក្ខព្រួយដ៏សង្វេគនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់ដ៏ធំធេងនូវស្វាមី និងអ្នកមានគុណជាឪពុក ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រលាញ់ ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាបំផុតរបស់ឧកញ៉ា និងក្រុមគ្រួសារ ហើយជាការបាត់បង់ នូវពុទ្ធសាសនិកមួយរូប ដែលតែងលះបង់នូវកម្លាំងកាយពល និងធនធានចូលរួមចំណែកលើកស្ទួយព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ។
ខ្ញុំ និងភរិយា ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន បានទៅកាន់ឋានបរមសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ សូម ឧកញ៉ា និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ទទួលនូវសេចក្តីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ ៕ ដោយ៖ រ៉ាវុធ