តំណាងអតីតបុគ្គលិកណាហ្គាវើលដ៍ប្រាំបីនាក់ ត្រូវបានតុលាការសម្រេចឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន
ភ្នំពេញ៖ នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងមនុស្សប្រាំបីនាក់ ដែលជាអ្នកដឹកនាំបាតុកម្មដោយខុសច្បាប់របស់ក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។ នេះបើតាមដីកាបង្គាប់ឱ្យដោះលែងរបស់សាលាដំបូង។
មនុស្សទាំងប្រាំបីនាក់ ដែលត្រូវបានដោះលែងនេះមាន៖ ទី១.ឈ្មោះ ឈឹម ស៊ីថរ ទី២.ឈ្មោះ រី សុវណ្ណឌី ទី៣.ឈ្មោះ ស៊ុន ស្រីពេជ្រ ទី៤.ឈ្មោះ ហៃ សុភាព ទី៥.ឈ្មោះ ឃ្លាំង សុបិន្ដ ទី៦.ឈ្មោះ ទូច សិរីមាស ទី៧. ឈ្មោះ សុខ ណារិទ្ធ និងទី៨.ឈ្មោះ ឈឹម សុខន។
ទន្ទឹមនេះដែរឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់តំណាងទៅសួរសុខទុក្ខ ចំពោះអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលត្រូវបានដោះលែងបណ្តោះអាសន្នព្រមទាំងជជែកគ្នាអំពីវេលាដែលត្រូវចរចាគ្នា ដើម្បីបញ្ចប់វិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍។
គួររំលឹកថា អតីតបុគ្គលិកចំនួនប្រាំបីរូបនេះ បានស្នើសុំទៅក្រសួងការងារ ដើម្បីបាននៅក្រៅឃុំជាបណ្តោះអាសន្ន ធ្វើជាតំណាងដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍ តាមច្បាប់ ដោយសន្យាថា មិនធ្វើការតវ៉ាដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិ។
នៅក្នុងលិខិតដាច់ដោយឡែកចំនួនប្រាំបីសន្លឹករបស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ផ្ញើជូនក្រសួងការងារបានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ចប់បញ្ហាវិវាទជាមួយក្រុមហ៊ុនណាហ្គាលវើលដ៏ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់គ្រប់ភាគី យើងខ្ញុំសូមអំពាវនាវដល់បុគ្គលិក និងអតីតបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាលវើលដ៏ទាំងអស់ដូចខាងក្រោម៖
ទី១.ចំពោះបុគ្គលិក និងកម្មករកំពុងធ្វើកូដកម្មមិនទាន់បានចូលធ្វើការវិញ សូមចូលធ្វើការទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍នៅកន្លែងការងារ និងបង្កបរិយាកាសសម្រាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់។
ទី២.ចំពោះបុគ្គលិកដែលក្រុមហ៊ុនណាហ្គាវើលដ៏ បញ្ឈប់ពីការងារសូមសម្រាកនៅផ្ទះ ឬរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិកាសសម្រាប់យើងខ្ញុំចរចារ ជាមួយក្រុមហ៊ុនណាហ្គាលវើលដ៏និងក្រសួងការងារ ដើម្បីស្វែងរកដំណោះស្រាយ និងទូរទាត់សំណងតាមផ្លូវច្បាប់ជូនដល់បងប្អូន។
ទី៣.ចំពោះបុគ្គលិក ដែលបានចូលរួមធ្វើកូដកម្មកន្លងមក សូមឲ្យក្រុមហ៊ុនកុំមានគំនុំគុំគួន ឬដាក់ទោសទណ្ឌ ឬបង្ខំធ្វើកិច្ចសន្យាផ្សេងៗឡើយ៕
ដោយ៖ពលជ័យ
រូបថត៖ Fresh News