រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាណែនាំឲ្យអង្គភាពជំនាញរៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២
ឯកឧត្តមមណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញដឹកនាំកិច្ចប្រជុំ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ស្តីការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១៧ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ៦រាជធានី-ខេត្ត។
ឯកឧត្តមមណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ ការប្រកួតកីឡាជាតិនេះត្រូវបានប្រារព្ធធ្វើឡើងចំនួន២លើករួចមកហើយ ២០១៦ និង២០១៨ ហើយនៅឆ្នាំ២០២២នេះនឹងរៀបចំឡើងជាលើកទី៣ ដោយកីឡាជាតិនេះគឺដើម្បីត្រៀមលក្ខណៈឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យរៀបចំគណៈកម្មការជំនាញនានា អ្នកស្ម័គ្រចិត្តឲ្យមានវិជ្ជាជីវៈ និងត្រូវធ្វើកិច្ចសហការជាមួយគណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីឡាជាតិ ដោយរៀបចំតាមទម្រង់ស៊ីហ្គេម ដើម្បីសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ ជាមួយគ្នានោះ ឯឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានណែនំាឲ្យរៀបចំកីឡាជាតិលើកទី៣នេះ ដោយអនុវត្តវិធានការបង្ការកូវីដ-១៩ឲ្យបានខ្ជាប់ខ្ជួនបំផុត។
ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានជម្រាបជូនឯកឧត្តរដ្ឋមន្ត្រី និងអង្គប្រជុំថា ពិធីបើក-បិទកីឡាជាតិលើកទី៣នេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។ ខ្ញុំបានពិភាក្សាជាមួយអង្គភាពជំនាញជាជំហានៗកន្លងមកដែរ ដោយគូតគូទៅលើការរៀបចំ ហូបចុក ស្នាក់នៅ និងទំហំនៃចំនួនប្រតិភូ កីឡាករ កីឡាការិនីតាមបណ្តារាជធានីខេត្ត ក្នុងការគ្រប់គ្រងលើបញ្ហាកូវីដ-១៩ ហើយនឹងឈានទៅជជែងពិភាក្សាជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិនានា មួយជំហានបន្តបន្ទាប់ទៀត លើលក្ខណៈបច្ចេកទេសជាដើម។
គួរបញ្ជាក់ថា តាមគម្រោង ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣នេះ មាន៣៩ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិកមាន៧ប្រភេទកីឡា៕ ដោយ៖ ចាន់ វិចិត្រ
















