បើកវគ្គបណ្តុះបណ្តាលស្តីពី «ការកាត់បន្ថយសំណល់ប្លាស្ទិក ដោយការអនុវត្តយុទ្ធសាស្ត្រ 4Rនិងការបង្កើតយុវជន ៤ក.៤រ»

ភ្នំពេញ៖ឯកឧត្តម គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សាឯកឧត្តមរដ្ឋមន្ត្រីក្រសួង បរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវវគ្គបណ្តុះបណ្តាលស្តីពី «ការកាត់បន្ថយសំណល់ប្លាស្ទិក ដោយការអនុវត្តយុទ្ធសាស្ត្រ 4R និងការបង្កើតយុវជន ៤ក.៤រ» នៅវិទ្យាស្ថានគរុកោសល្យរាជធានី ភ្នំពេញ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ។ ពិធីនេះក៏មានការ អញ្ជើញ ចូលរួមពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ លោកនាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ លោកប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ ព្រមទាំងលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងបរិស្ថាន លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីបើកវគ្គឯកឧត្តម គិត ច័ន្ទគ្រឹស្នា បានបញ្ជាក់ថា វគ្គ បណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ព្រោះជាសកម្មភាព រួមគ្នាឈានឆ្ពោះទៅអនុវត្តការកាត់បន្ថយសំណល់ប្លាស្ទិក ដើម្បី លើកកម្ពស់គុណភាពបរិស្ថាន ការរស់នៅស្អាត និងធ្វើឱ្យប្រសើរ ឡើង នូវការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ជាពិសេស សំណល់ ប្លាស្ទិក។ បញ្ហាសំណល់ប្លាស្ទិក ជាបញ្ហាសកល។ ដោយ ឡែក សម្រាប់ប្រទេសកម្ពុជាដោយសារសុខសន្តិភាព ស្ថិរភាព នយោបាយ ការអភិវឌ្ឍនិងកំណើនសេដ្ឋកិច្ច បានធ្វើឱ្យជីវភាពរបស់ ប្រជាពលរដ្ឋមានការកើនឡើង ហើយស្របជាមួយគ្នានេះ ក៏មានការ កើន ឡើងនៃសំរាម និងសំណល់ប្លាស្ទិកផងដែរ។

ឯកឧត្តមបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមដែល បាន ចូល រួមនឹងទទួលបាននូវចំណេះដឹងបន្ថែម ដើម្បីយកទៅផ្សព្វផ្សាយ និងចែករំលែកនូវចំណេះដឹង ក្នុងការចូលរួមកាត់បន្ថយសំណល់ ប្លាស្ទិក និងជំរុញសកម្មភាពនេះធ្វើឱ្យប្រសើរឡើងនូវការងារ គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅរាជធានីភ្នំពេញ។

ឯកឧត្តម គិត ច័ន្ទគ្រឹស្នា សង្ឃឹមថា សិក្ខាកាមដែលជានិស្សិត ទាំងអស់នឹងក្លាយទៅជា «យុវជន ៤ក.៤រ» ដែលសំដៅលើ៖ ក១.ការប្រើប្រាស់ឡើងវិញ(REUSE) ក២.ការកាត់បន្ថយ(REDUCE) ក៣.ការកែច្នៃ(RECYCLE) ក៤.ការបដិសេធ(REFUSE) រីឯ ៤រ គឺ រ១.រៀន រ២.រើស រ៣.រក និងរ៤.រម្លឹក ហើយនៅថ្ងៃមុខ យុវជន៤ក.៤រ នឹងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកក្នុងរាជធានីភ្នំពេញ៕ ដោយ៖ គ្រី សម្បត្តិ រូបភាពក្រសួងបរិស្ថាន

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner