ឯកអគ្គរដ្ឋទូតវៀតណាមកោតសរសើរពីការអភិវឌ្ឍរាជធានីភ្នំពេញនិងការគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អ

ភ្នំពេញ៖ លោក ង្វៀន ហ៊ុយថាំង ( NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពសាធារណរដ្ឋសង្គម និយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានសម្ដែង នូវ ការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ ពិសេសពីរឆ្នាំចុងក្រោយនេះ កម្ពុជាអាចគ្រប់គ្រងបាននូវជំងឺ កូវីដ-១៩ បានយ៉ាងល្អ។ការកោតសរសើរ បែបនេះបានធ្វើឡើង ខណៈដែលលោកទូតជួបសម្ដែងការគួរសមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញនារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

មន្រ្តីបានបញ្ជាក់ថា នៅក្នុងសវនាការនេះឯកឧត្តម ង្វៀន ហ៊ុយថាំង បានមានប្រសាសន៍ថា រាជធានីភ្នំពេញ ក្នុងរយៈពេលបួន ទសវត្សរ៍ នេះ ពិតជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង បើប្រៀបធៀបពី ៤០ឆ្នាំ មុនគឺដូចមេឃហើយ នឹងដី ។ លោកក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានជួបនៅជំងឺ រាតត្បាតកូវីដ-១៩ដូចប្រទេសផ្សេងទៀតនៅលើពិភពលោកប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាកម្ពុជាអាចគ្រប់គ្រងជំងឺកូវីដ-១៩នេះបានយ៉ាងល្អ ជាមួយនឹងការរក្សាបាននូវសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋយ៉ាងល្អប្រសើរ។

ឯកឧត្តមបន្តថា សម្រាប់រាជធានីភ្នំពេញ គឺការរៀបចំក្រុងបាន ល្អប្រសើរ ហើយទំនាក់ទំនងរវាងទីក្រុងភ្នំពេញនិងទីក្រុង រវាង ប្រទេសនិងប្រទេសឃើញថា មានសាមគ្គីភាព មានទំនាក់ទំនង កាន់តែល្អប្រសើរមាំនិងខ្លាំងក្លា។

ឯកឧត្តមបញ្ជាក់ថានៅកម្ពុជាក្នុងអាណត្តិរបស់លោកលោកនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរកម្ពុជា-វៀតណាម មានទំនាក់ទំនងល្អ សាមគ្គីភាពគ្នារិតតែរឹងមាំ។លោកក៏បានសូមឱ្យរាជធានីភ្នំពេញ និងទីក្រុងហូជីមិញផ្លាស់ប្ដូរ ទស្សនកិច្ចគ្នាឱ្យបានច្រើនដើម្បីផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ពិសេសគឺការ ផ្សារភ្ជាប់ ការបណ្ដុះបណ្ដាលយុវជននៃ ប្រទេសទាំងពីរ។

ចំណែកឯកឧត្តម ឃួង ស្រេង បានជម្រាបជូនភ្ញៀវថា ប្រទេស កម្ពុជា ក៏ដូចជារាជធានីភ្នំពេញបានធូរស្រាលពីជំងឺកូវីដ-១៩ ហើយ ហើយក៏បានបើកប្រទេសឲ្យដំណើរការឡើងវិញដែរដែលធ្វើឱ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើទំនាក់ទំនង រវាងប្រទេសទាំង ឲ្យកាន់តែមានភាពរឹងមាំថែមទៀត។

ឯកឧត្តមបញ្ជាក់ថា នៅពេលប្រទេសយើងទាំងពីរមាន ទំនាក់ ទំនងសហប្រតិបត្តិការល្អ ការរស់នៅជាមួយគ្នាដោយ ភាព ស្មោះត្រង់ យោគយល់គ្នា នោះប្រទេសទាំងពីរ នឹងមាន សាមគ្គីភាពគ្នាកាន់តែល្អនិងរឹងមាំយូរអង្វែង៕ ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner