សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេស ទទួល បន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់អ.ស.ប ជួប ពិភាក្សាការងារ តាមប្រព័ន្ធវីដេអូអនឡាញ
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ សម្តេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន (Mr. Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិ(អ.ស.ប) និងសហការី ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូសន្និសីទ។
ប្រភពក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារនេះ លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន បានលើកឡើងនូវចំណុចធំ សំខាន់ៗ ចំនួនប្រាំ ដែលរួមមាន ៖ ទី១-ពាក់ព័ន្ធវិវាទការងារ, ទី២-អំពីកិច្ចដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២,ទី៣-ករណីមួយចំនួនពាក់ព័ន្ធទៅនឹង អំពើ ឃាតកម្ម និងការបាត់ខ្លួនរបស់បុគ្គលមួយចំនួន, ទី៤-ពាក់ព័ន្ធទៅ នឹង ស្ថានភាពនៃពន្ធនាគារនៅកម្ពុជា និងទី៥-ពាក់ព័ន្ធទៅនឹងជន ភៀសខ្លួនចូលមកកម្ពុជា។
ចំពោះបញ្ហាទី១. លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន បានជម្រាប ជូនសម្តេចក្រឡាហោម ដោយផ្ដោតសំខាន់ទៅលើវិវាទការងាររវាង ក្រុមហ៊ុនណាហ្គាវើលដ៍ និងអតីតបុគ្គលិករបស់ក្រុមហ៊ុន ។ចំណែក សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនថា សម្ដេច តែងតែ អំពាវនាវ និងជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យប្រកាន់យកការ ចរចា ដើម្បីឈានទៅរកដំណោះស្រាយមួយសមស្រប តាមរយៈ ការសម្របសម្រួលដោយពីភាគីពាក់ព័ន្ធ។ សម្ដេចក្រឡាហោម ក៏បានជម្រាបជូនបន្ថែមថា មកដល់ពេលនេះ អ្នកដែលត្រូវបាន ឃាត់ ខ្លួនមួយចំនួន ក៏ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជា បណ្ដោះ អាសន្ន ដើម្បីស្វែងរកនូវដំណោះស្រាយការចរចារវាងភាគីពាក់ព័ន្ធ ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ។ សម្ដេចក្រឡាហោម ក៏បានលើកទឹកចិត្ត និងជំរុញឱ្យបន្ដ ប្រកាន់យកវិធានការចរចានេះ ដើម្បីធ្វើយ៉ាងណាឈានទៅរក ដំណោះ ស្រាយ និងបញ្ចប់បញ្ហានេះឱ្យបានកាន់តែឆាប់ និងកាន់តែ ប្រសើរឡើង។
ដោយឡែកចំពោះបញ្ហាទី២ ស្តីពីកិច្ចដំណើរការឆ្ពោះទៅកាន់ ការ បោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំនេះ សម្ដេចក្រឡាហោម ក៏បាន ជម្រាប ជូន លោកសាស្រ្តាចារ្យ ថា នៅក្នុងឆ្នាំ២០២២នេះ កម្ពុជា នឹងរៀបចំ ដំណើរការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ អាណត្តិទី៥ ដែលនេះ ជាការអនុវត្តស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយ ក៏ ជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំអនុវត្តនូវ កំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការផ្ទេរសិទ្ធិអំណាច និងធនធានទៅដល់ថ្នាក់ក្រោមជាតិផងដែរ។
បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម បានជម្រាបជូនបន្ដថា ក្នុង ដំណើរការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ ឆ្នាំ២០២២នេះ ក៏មាន គណបក្សនយោបាយចំនួន ១៧ ចូលរួមនៅក្នុងការ បោះឆ្នោត នៅ ពេលខាងមុខនេះ ។ សម្តេច បានបញ្ជាក់ថា សម្តេច តែងតែលើក ឡើងនៅក្នុងវេទិកានានា ព្រមទាំងចេញសេចក្ដីណែនាំ ដើម្បីធ្វើ យ៉ាងណាឱ្យអាជ្ញាធរនៅថ្នាក់ក្រោមជាតិជួយសម្រួលដល់ការធ្វើសកម្មភាពនានារបស់គណបក្សនយោបាយនៅតាមមូលដ្ឋាន។
បញ្ហាទី៣.ពាក់ព័ន្ធទៅនឹងការបាត់ខ្លួន និងករណីមនុស្សឃាត មួយ ចំនួន ដែលបានកើតឡើងនាពេលកន្លងមក សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា ករណីខ្លះបាននឹងកំពុងស្ថិតនៅក្រោម សមត្ថកិច្ចរបស់ស្ថាប័នតុលាការ ចំពោះករណីខ្លះទៀតអាជ្ញាធរមាន សមត្ថកិច្ច ក៏បាននិងកំពុងបន្តនីតិវិធីស្រាវជ្រាវ រីឯករណីមួយចំនួន ទៀតកំពុងត្រូវបានស្ថាប័នតុលាការធ្វើការសម្រេចរួចរាល់ហើយដែរ។
ចំពោះបញ្ហាទី៤.ពាក់ព័ន្ធស្ថានភាពអ្នកជាប់ពន្ធនាគារ សម្តេច ក្រឡាហោម បានបញ្ជាក់ថា ចំនួនអ្នកជាប់ឃុំនៅកម្ពុជា មាន ប្រមាណជាងបីម៉ឺននាក់ ។ក្នុងនោះជាង៥០ភាគរយ ជាអ្នក ជាប់ឃុំ ដោយសារតែពាក់ព័ន្ធករណីគ្រឿងញៀន ។ សម្រាប់ បញ្ហាប្រឈម នៅក្នុងពន្ធនាគារ ដែលកំពុងមាន ភាពចង្អៀតណែននេះដែរ ក្រសួង មហាផ្ទៃបានយកចិត្តទុកដាក់ ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ រំលែក បន្ទប់ និងកំពុងតែគិតគូរ លើកលែងទៅលើបទល្មើស ស្រាលៗ ក្រោយពីតុលាការបានដោះស្រាយរួចរាល់។
ដោយឡែក បញ្ហាទី៥.ពាក់ព័ន្ធទៅនឹងជនភៀសខ្លួន សម្តេចក្រឡា ហោម ស ខេង បានបញ្ជាក់ថា ក្នុងនាមប្រទេសកម្ពុជា ជាប្រទេស ហត្ថលេខី នៃអនុសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១ កម្ពុជាបានអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវរាល់កាតព្វកិច្ចរបស់ខ្លួន លើជនជាតិម៉ុងតាញ៉ា ដែលបានឆ្លងដែនចូលមកកម្ពុជា ដើម្បីសុំសិទ្ធិជ្រកកោណ និង អ្នកស័្មគ្រ ចិត្តត្រឡប់ទៅប្រទេសកំណើតវិញ ដោយបានសហការ ជាមួយ អង្គការសហប្រជាជាតិ ក្នុងការជួយសម្របសម្រួលដល់ កិច្ចការ នេះផងដែរ រួមទាំងជនភៀសខ្លួនដទៃទៀត ដែលកំពុងមាន វត្តមាន ក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នោះ លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិ មនុស្ស នៅកម្ពុជា របស់អង្គការសហប្រជាជាតិ បានថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នូវកិច្ចពិភាក្សាប្រកបដោយ ន័យ ស្ថាបនា និងការយោគយល់គ្នាទៅវិញទៅមក។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានជម្រាបជូន លោកសាស្រ្តាចារ្យ វិទិតមុនតាប៊នថាសម្តេចបានត្រៀមខ្លួនជានិច្ចក្នុងការ ពិភាក្សា ការងារជាមួយលោកសាស្រ្តចារ្យនាឱកាសក្រោយៗទៀតតាមការចាំបាច់ផងដែរ៕ ដោយ៖ រ៉ាវុធ






