ក្រសួងអប់រំបន្តគាំទ្រនូវសកម្មភាពគម្រោង McGovern Dole Funding ស្ដីពី ការផ្ដល់អាហារតាមសាលារៀនក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា
រាជធានីភ្នំពេញ ៖ ក្រសួង អប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារគម្រោង McGovern Dole Funding ស្ដីពីការផ្ដល់អាហារតាមសាលារៀន នៅថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងអប់រំយុវជននិងកីឡា។
កិច្ចប្រជុំនេះក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដី ក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារគម្រោង McGovern Dole Funding ។
ក្រុមការងារគម្រោង McGovern Dole Funding ក៏បានលើកឡើងពីការពង្រីកគម្រោង ការផ្ដល់អាហារតាមសាលារៀន ទៅតាមលទ្ធភាពនៃការឧបត្ថម្ភរបស់អង្គការពាក់ព័ន្ធនានា និងបន្តអនុវត្តគម្រោងឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់ ក្រុមការងារគម្រោង McGovern Dole Funding ដែលបានអនុវត្តគម្រោង ការផ្ដល់អាហារតាមសាលារៀន និងបានគ្រោងពិភាក្សាបន្ថែមនូវគម្រោង ការផ្ដល់អាហារតាមសាលារៀន ដូចជាការសម្រេចលើផែនការយុទ្ធសាស្រ្ដបន្ទាប់ និងគម្រោងថវិកា។ ក្រសួងអប់រំ នឹងបន្តគាំទ្រនូវសកម្មភាពដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ៕ ដោយ-រ៉ាវុធ