យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើងទំនងជាបរាជ័យក្នុងការធ្វើតេស្តមីស៊ីលបាលិស្ទីគមួយគ្រាប់ជាថ្មីទៀត
សេអ៊ូល៖ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលដែលគេសង្ស័យថា ជាប្រភេទមីស៊ីលបាលិស្ទីគមួយគ្រាប់បរាជ័យភ្លាមៗ បន្ទាប់ពីការធ្វើតេស្ត។ នេះបើតាមការអះអាងរបស់យោធាកូរ៉េខាងត្បូង ក្រោយប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍អំពីការបាញ់សាកល្បងលើកចុងក្រោយនេះ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលខាងលើនេះត្រូវបានកូរ៉េខាងជើងបាញ់សាកល្បងចេញពីអាកាសយានដ្ឋានមួយកន្លែងនៅខាងក្រៅរដ្ឋធានីព្យុងយ៉ាង។ ទីតាំងនេះជាកន្លែងបាញ់បង្ហោះនាពេលថ្មីៗជាច្រើន រួមទាំងអ្វីដែលអាមេរិក និងកូរ៉េខាងត្បូងបាននិយាយថា ជាការបាញ់សាកល្បងប្រព័ន្ធមីស៊ីលបាលីស្ទីគអន្តរទ្វីបថ្មី (ICBM)។
កូរ៉េខាងជើងបាននិយាយថា ការធ្វើតេស្តទាំងនោះគឺសម្រាប់បង្កើតសមាសធាតុនៃផ្កាយរណបឈ្លបយកការណ៍របស់ប្រទេសខ្លួន។ ទោះបីជាយ៉ាងណា ប្រសិនបើការធ្វើតេស្ដចុងក្រោយនេះ ត្រូវបានកូរ៉េខាងជើងទទួលស្គាល់ នោះវានឹងក្លាយជាការធ្វើតេស្ដអាវុធលើកទី១០ គិតចាប់តាំងពីខែមករា ដើមឆ្នាំ២០២២នេះ ៕ ប្រភព៖ CNA ដោយ៖ ឈឹម ទីណា




