ប្រជាសហគមន៍ដេរស្លឹក ឃុនមា សម្រាប់ប្រក់ដំបូល និងធ្វើជញ្ជាំងផ្ទះនៅឃុំខ្នងភ្នំ ខេត្តសៀមរាប ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ
ខេត្តសៀមរាប៖ ប្រជាសហគមន៍រស់នៅក្នុងភូមិថ្មី ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប (ឧទ្យានជាតិ ព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន») បានប្រកាន់នូវមុខរបរដេរស្លឹកឃុនមា សម្រាប់ទុកប្រក់ដំបូលផ្ទះ ធ្វើជញ្ជាំងផ្ទះនិងមួយចំនួនបានដេរស្លឹកឈើប្រភេទនេះសម្រាប់ទុកលក់គ្រាន់ដោះស្រាយជីវភាព ។
តាមពិតមុខរបរដេរស្លឹកឃុនមា គឺជាប្រភពចំណូលដ៏សំខាន់ សម្រាប់ប្រជាជនក្នុងភូមិថ្មី នៅឃុំខ្នងភ្នំនេះ ។
ស្លឹក ឃុនមា ប្រជាសហគមន៍គាត់ដេយកទៅប្រក់ដំបូលផ្ទះ ឬធ្វើជាជញ្ជាំងក៏បាន ។ ក្នុងមួយថ្ងៃពួកគាត់ដេរបាន ៥០-៦០ កណ្ដប ក្នុងម្នាក់ ។ ក្នុង១កណ្តបមានបណ្ដោយប្រវែង ៣.៥ម៉ែត្រ ទទឹង ២.៥ម៉ែត្រ ។
គួរបញ្ជាក់ថា ស្លឹកឃុនមា មានសណ្ឋានស្រដៀងទៅនឹងស្លឹករបស់ដើមឆ័ត្រ ឬស្លឹករបស់ដើមផ្កាចំប៉ី គ្រាន់តែស្លឹកឃុនមា មានកម្រាស់ស្ដើងរលោង និងវែងជាង ហើយដើមរបស់វាធំបំផុតប៉ុនមេជើង ដោយវាជារុក្ខជាតិវល្លិ៍ ។ គេអាចកាច់ស្លឹករបស់វាបានរហូត ហើយដើមរបស់វាចេះតែលូតលាស់បន្ត។ ចំណែកដងកណ្ដបវិញ គេធ្វើពីដើមត្រែង ។
ការដេរស្លឹកឃុនមា មិនពិបាកទេ គ្រាន់តែគេបត់ស្លឹកនោះទៅលើដងកណ្ដប លៃយ៉ាងណាឱ្យស្មើទំហំគ្នា ហើយគេយកបន្ទះឈើដែលគេបានបិតយ៉ាងស្ដើង ទំហំប្រហែលប៉ុនជើងធូប ទៅខ្ទាស់នឹងស្លឹក ពីម្ខាងទៅម្ខាង។ គេខ្ទាស់ស្លឹកនេះមួយសន្លឹកម្ដងៗ រហូតពេញដងកណ្ដបប្រវែងជាង២ម៉ែត្រ។ គេដេរស្លឹកឃុនមា ទាំងដែលវានៅស្រស់តែម្ដង មានន័យថាគេកាច់មកភ្លាម គេអាចដេរបានភ្លាម ហើយក៏គេអាចយកទៅប្រក់ដំបូល ឬបាំងជញ្ជាំងផ្ទះបានភ្លាមដែរ ។
សម្រាប់លក្ខណៈពិសេសបំផុតរបស់ស្លឹកឃុនមា គឺដុតមិនងាយឆេះ ហើយបើឆេះក៏មិនរាលដែរ។ ស្លឹកឃុនមា អាចរក្សាគុណភាពបាន ៥ឆ្នាំ ក្រោយប្រក់ជាដំបូលផ្ទះរួចមក។ ផ្ទះដែលប្រក់និងបាំងដោយស្លឹកនេះអាចរក្សាភាពត្រជាក់ទាំងក្នុងរដូវក្ដៅនិងរដូវរងារ ៕ ដោយ ៖ ម៉ាដេប៉ូ



