រដ្ឋបាលរាជធានី ស្ថាបនាកំណាត់ផ្លូវចំនួន ២ខ្សែ ដើម្បីរំដោះចរាចរណ៍ពីផ្លូវជាតិលេខ៦A ទៅមហាវិថី ឈ្នះ ឈ្នះ ខណៈកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងស្ថាបនាកំណាត់ផ្លូវចំនួន ២ខ្សែទៀត ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ និងដើម្បីរំដោះចរាចរណ៍ពីផ្លូវជាតិលេខ៦A ទៅមហាវិថីឈ្នះឈ្នះ ពិសេសដើម្បីសម្រួលចរាចរណ៍នៅក្នុងឱកាស ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ខាងមុខនេះ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ មីនានេះថា ៖ កំណាត់ផ្លូវ២ខ្សែនេះ ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានី ដោយប្រើប្រាស់ពេលវេលានៃការស្ថាបនាចំនួន២ឆ្នាំ ។ ការដ្ឋាននេះបានចាប់ផ្តើមពីខែមករាឆ្នាំ២០២១ ហើយគ្រោងនិងបញ្ចប់នៅខែវិច្ឆិកាឆ្នាំ២០២២នេះ ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែដែលបាននិងកំពុងស្ថាបនានេះរួមមាន៖ ផ្លូវទី១ ជាផ្លូវបេតុងឆ្អឹងដែកកម្រាស់ ២០សង់ទីម៉ែត្រ ទទឹងផ្លូវ ១៥ម៉ែត្រ រៀបខឿនទ្រូវងផ្លូវបែងចែកចរាចរ រៀបបរឌៀរ និងការ៉ឺឡាសងខាងចិញ្ចើមផ្លូវ ទទឹង ២,៥ម៉ែត្រ មានទទឹងសរុប ២០ម៉ែត្រ ប្រវែងសរុប ៨២៤០ម៉ែត្រ ចាប់ពីផ្លូវជាតិលេ៦ ដល់ផ្លូវគល់ស្ពានឈ្នះឈ្នះ ។ ដាក់លូសងខាងផ្លូវទំហំ ១,២ម៉ែត្រចាប់ពីផ្លូវជាតិលេ៦ ដល់ស្ពានព្រែកតាគង់។ ដាក់លូសងខាងផ្លូវទំហំ ១,៥ម៉ែត្រចាប់ពីស្ពានព្រែកតាគង់ដល់ព្រែកម្រៀល។ ដាក់លូប្រអប់សង់ខាងទំហំ ២,៥ម៉ែត្រ x ២ម៉ែត្រពីរជួរ ចាប់ពីព្រែកម្រៀល ដល់ផ្លូវខ្សែទី៣ ។ ដាក់លូប្រអប់សងខាងផ្លូវទំហំ ១,៥ម៉ែត្រចាប់ពីសាលាព្រែករាំងដល់ផ្លូវគល់ស្ពានឈ្នះឈ្នះ។

ចំណែកផ្លូវទី២ ជាផ្លូវបេតុងឆ្អឹងដែកកម្រាស់ ២០សង់ទីម៉ែត្រទទឹងផ្លូវ ១៥ម៉ែត្ររៀបខឿនទ្រូងផ្លូវ បែងចែកចរាចរ រៀបបរឌៀរ និងការ៉ឺឡាសងខាងចិញ្ចើមផ្លូវ ទទឹង ២,៥ម៉ែត្រ មានទទឹងសរុប ២០ម៉ែត្រ ប្រវែងសរុប ៦៩១៦ម៉ែត្រ ចាប់ពីផ្លូវខ្សែទី២ត្រង់ចំណុច PK0+830 ដល់មហាវិថីឈ្នះឈ្នះ ។

ដាក់លូសងខាងផ្លូវទំហំ ១ម៉ែត្រចាប់ពីផ្លូវខ្សែទី២ដល់មាត់ព្រែកតាគង់ ។ ដាក់លូប្រអប់ទំហំ ២,៥ម៉ែត្រ x ២ម៉ែត្រ ពីរជួរចាប់ពីមាត់ព្រែកតាគង់ដល់ចំណុចផ្លូវទំនប់ឧកញ្ញ៉ាលីយ៉ុងផាត់ ។ ដាក់លូសងខាងផ្លូវទំហំ ១,៥ម៉ែត្រចាប់ពីផ្លូវទំនប់ឧកញ្ញាលីយ៉ុងផាត់ដល់មហាវិថីឈ្នះឈ្នះ ៕ ដោយ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner