ប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងព្រែកចំនួន ០៦គ្រួសារ នៅក្រុងតាខ្មៅ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល
កណ្តាល ៖ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកណ្ដាល បានចាត់តាំងប្រតិភូសាខាដឹកនាំដោយ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះបាក់ច្រាំងព្រែកចំនួន ០៦គ្រួសារ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋាន ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ។
អំណោយដែលសាខាបានផ្ដល់ជូនក្នុង១គ្រួសារ រួមមាន អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,ត្រីខ ១យួរ ,ទឹកសុទ្ធដបធំ១កេស ,កៅស៊ូតង់ចំនួន១,ជែល ១ដប ,ម៉ាស ១ប្រអប់ និងថវិកា ២០ម៉ឺនរៀល ជាមួយគ្នានេះអនុសាខាក្រុងតាខ្មៅ បានផ្ដល់ជូននូវ អង្ករ ២៥គីឡូក្រាម ,ទឹកត្រី ១យួរ ,ត្រីខ ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ទឹកសុទ្ធដបតូច១កេស ជែល ១ដប ,ម៉ាស ២ប្រអប់ និងថវិកា ១០ម៉ឺនរៀល ៕ ឆ ដា















