មន្ត្រីជំនាញ បង្ក្រាបរថយន្តមួយគ្រឿង ដែលឈ្មួញលួចដឹកឈើប្រណីតចេញពីខេត្តកំពង់ធំ យកមកទម្លាក់នៅភ្នំពេញ

ភ្នំពេញ ៖ មន្រ្តីជំនាញ ផ្នែករដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ បានចុះបង្រ្កាបរថយន្តធុនទេសចរណ៍មួយគ្រឿង ដែលឈ្មួញលួចដឹកឈើប្រណីតចេញពីខេត្តកំពង់ធំ យកមកលក់ឱ្យដេប៉ូឈើមួយកន្លែង ស្ថិតនៅម្តុំច្រាំងបាក់ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២។

តាមការបញ្ជាក់ពីមន្រ្តីជំនាញ រដ្ឋបាលព្រៃឈើ បានប្រាប់បណ្ដាញអប្សរាព័ត៌មាន (AMS) ឱ្យដឹងថា ឈ្មួញបានដឹកឈើប្រភេទសុក្រំចំនួន ១៦កំណាត់ ប្រហែល ២ម៉ែត្រគូប តាមរយៈរថយន្តម៉ាកតូយ៉ូតា ហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2P-5148 ដែលធ្វើដំណើរចេញពីខេត្តកំពង់ធំ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ឆ្ពោះមកទម្លាក់នៅដេប៉ូឈើលេខ២៥ ផ្លូវលេខ៣៦៩ (ច្រាំងបាក់) សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយក៏ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្ទាក់ឃាត់សាកសួរតែម្តង។ ប៉ុន្តែភ្លាមៗនោះ អ្នកបើកបររថយន្តឃេីញដូចនេះ ក៏បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្ត និងឈើប្រភេទលេខ១ នៅនឹងកន្លែងកើតហេតុ។

ក្រោយប្រតិបត្តិការនេះចប់ រថយន្តដែលជាមធ្យោបាយដឹកជញ្ជូន និងឈើប្រណីត ត្រូវមន្រ្តីកម្លាំងជំនាញ ដឹកបញ្ជូនទៅកាន់ទីតាំងរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ ដោយ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner