លោក វ្ល៉ាឌីមៀ ពូទីន ៖ ការដាក់ទណ្ឌកម្មនឹងប៉ះពាល់ដល់មនុស្សគ្រប់គ្នា ប៉ុន្តែរុស្ស៊ីនឹងឈ្នះ
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋាភិបាលនៅថ្ងៃពុធថា ទណ្ឌកម្មរបស់លោកខាងលិច គឺជាការវាយលុកដល់រុស្ស៊ី ប៉ុន្តែវាក៏ប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ។
ក្នុងនាមជាអាវុធរបស់ពួកគេ រដ្ឋលោកខាងលិចបានជ្រើសរើសផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងទណ្ឌកម្មផ្សេងទៀតប្រឆាំងនឹងរុស្ស៊ី។ ឥឡូវនេះ ទណ្ឌកម្មទាំងនោះកំពុងផ្តល់ការសងសឹកដល់ប្រជាជនអឺរ៉ុប និងអាមេរិកវិញ តាមរយៈការកើនឡើងតម្លៃប្រេងសាំង ថាមពល អាហារ និងការខាតបង់ការងារដែលទាក់ទងនឹងទីផ្សាររុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ីរូបនេះបានពណ៌នាអំពីគោលនយោបាយដាក់ទណ្ឌកម្មដែលអនុវត្តដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសម្ពន្ធមិត្តរបស់ពួកគេថា ជាចេតនាបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ចក្នុងស្រុករបស់យើងទាំងមូល ដល់វិស័យមនុស្សធម៌សង្គមរបស់យើង ដល់គ្រប់ក្រុមគ្រួសារពលរដ្ឋរុស្ស៊ីទាំងអស់។
លោកបានសង្កត់ធ្ងន់ថា វាគឺជាយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីធ្វើឱ្យរុស្ស៊ីចុះខ្សោយ ដែលបានដំណើរការជាយូរមកហើយ មុនពេលដែលទីក្រុងម៉ូស្គូចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន។ យ៉ាងណាមិញ លោក ពូទីន ក៏បាននិយាយដែរថា រុស្ស៊ីអាចក្រោកឈរទោះស្ថិតក្រោមសម្ពាធទណ្ឌកម្ម ហើយថា រាល់គោលដៅអភិវឌ្ឍន៍ជាតិសម្រាប់ប្រទេសរហូតដល់ឆ្នាំ២០៣០ ត្រូវតែសម្រេចឱ្យបាន៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា