ឯកឧត្តម ហ៊ឹម យ៉ាន៖ ឆាប់ៗនេះ អ្នកល្មើសច្បាប់ចរាចរណ៍ផ្លូវគោកនឹងអាចបង់ប្រាក់ផាកពិន័យ តាមរយៈភ្នាក់ងារក្រុមហ៊ុនទូ្រម៉ាន់នី

ភ្នំពេញ៖ ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនទ្រូម៉ាន់នី ដើម្បីធ្វើកិច្ចសហការក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺជាផ្នែកមួយនៃការធ្វើកំណែទម្រង់ក្នុងការគ្រប់គ្រង នៃការជួយសម្រួលដល់ប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាព ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅសម្រេចនូវគោលដៅចុងក្រោយ គឺការធ្វើចរាចរណ៍ប្រកបដោយការគោរពច្បាប់គ្មានអំពើល្មើស និងមានសុវត្ថិភាព ។

ការថ្លែងបែបនេះរបស់ឯកឧត្តម នាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនទ្រូម៉ាន់នី នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅស្នាក់ការការិយាល័យក្រុមហ៊ុនទ្រូម៉ាននី រាជធានីភ្នំពេញ។

ឯកឧត្តម នាយឧត្តមសេនីយ ហ៊ឹម យ៉ាន បន្តថា តាមរយៈការផ្តល់សេវានេះ អគ្គស្នងការដ្ឋាននគរបាលជាតិសង្ឃឹមថា នឹងបង្កភាពកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់សី្តពីចរាចរណ៍ផ្លូវគោក ។ ក្រុមហ៊ុនទ្រូម៉ាន់នី ដែលធ្វើប្រតិបត្តិការលើសេវាកម្មផ្ទេរប្រាក់ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតជាង ១ម៉ឺនសាខានៅទូទាំងប្រទេស នឹងចូលរួមបម្រើសេវាកម្មក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ នេះជាជម្រើសថ្មីបន្ថែមលើការបង់ប្រាក់ពិន័យនៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក។

ជាមួយគ្នានេះ លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី មានប្រសាសន៍ថា ក្រុមហ៊ុនទ្រូម៉ាន់នី រីករាយដែលអាចផ្តល់យន្តការមួយដើម្បីធ្វើឱ្យអតិថិជនរបស់យើងមានភាពងាយស្រួល ក្នុងការទូទាត់វិក័យបត្រ ឬប្រាក់ពិន័យអំពើល្មើសនិងច្បាប់សី្តពីចរាចរណ៍ផ្លូវគោក។ តាមរយៈកិច្ចសហការនេះ និងធ្វើឱ្យមានភាពកាន់តែងាយស្រួលផងដែរសម្រាប់អតិថិជនរបស់យើង ក្នុងការទូទាត់ប្រាក់ពិន័យណាមួយដែលពួកគាត់អាចនឹងត្រូវទទួលរងអំពីការពិន័យ។ ការបង់ប្រាក់តាមកម្មវិធី True Money Wallet ឬតាមភ្នាក់ងារទ្រូម៉ាន់នី នឹងកាត់បន្ថយការចំណាយពេលវេលាច្រើន។

លោកស្រីអគ្គនាយិកាបន្ថែមថា ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦មក ក្រុមហ៊ុនទ្រូម៉ាន់នីបានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតក្នុងប្រទេស ដោយមានបណ្តាញភ្នាក់ងាររបស់ក្រុមហ៊ុនមានចំនួនជាង១ម៉ឺនភ្នាក់ងារ ដែលរង់ចាំផ្ដល់សេវាទាក់ទងនឹងហិរញ្ញវត្ថុនៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារ។ ក្នុងពេលឆាប់ៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងអនុញ្ញាតឱ្យអ្នកដែលទទួលរងពិន័យចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជ្រើសយកជម្រើសបង់ប្រាក់ពិន័យដោយប្រើប្រាស់កម្មវិធី True Money Wallet ឬតាមភ្នាក់ងារទ្រូម៉ាន់នី ឬនៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក៕ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner