ប្រមុខការទូតអ៊ុយក្រែន-តួកគីព្រមព្រៀងធ្វើការរួមគ្នា ដើម្បីរៀបចំកិច្ចប្រជុំរវាងលោក ហ្សេលេនស្គី និងលោក ពូទីន
កៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌីមីត្រូ គូលេបា និងសមភាគីតួកគីដែលកំពុងបំពេញទស្សនកិច្ច លោក ម៉េវលូត ខាវូសូគ្លូ ក្នុងអំឡុងកិច្ចពិភាក្សារបស់ពួកលោកនៅថ្ងៃព្រហស្បតិ៍ បានឯកភាពគ្នាផ្តោតលើការរៀបចំកិច្ចប្រជុំរវាងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។
លោក គូលេបា បានថ្លែងបន្ទាប់ពីកិច្ចពិភាក្សានោះដូច្នេះថា យើងយល់ថាបញ្ហាសំខាន់ៗទាំងអស់ដែលទាក់ទងនឹងការបញ្ចប់សង្រ្គាមនេះ ត្រូវតែដោះស្រាយជាមួយលោកប្រធានាធិបតី ពូទីន។ លោក គូលេបា បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់ទីក្រុងកៀវ ដើម្បីបន្តធ្វើការលើផ្លូវការទូតទាំងអស់ សំដៅបញ្ចប់ការវាយលុករបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ព្រមទាំងដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន។
រីឯលោក ខាវូសូគ្លូ បាននិយាយថា ប្រទេសរបស់លោកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរវាងលោក ហ្សេលេនស្គី និងលោក ពូទីន។ លោក ខាវូសូគ្លូ បាននិយាយដូច្នេះថា ឥឡូវនេះ យើងកំពុងផ្តោតការខិតខំប្រឹងប្រែងរបស់យើង លើការរៀបចំកិច្ចប្រជុំរបស់មេដឹកនាំអ៊ុយក្រែន-រុស្ស៊ី។
កាលពីថ្ងៃពុធសប្តាហ៍នេះ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក មីខែលឡូ ប៉ូដូលីយ៉ាក បាននិយាយថា លោក ហ្សេលេនស្គី អាចនឹងជួបពិភាក្សាជាមួយលោក ពូទីន នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា



