អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចូលរួមចែក រំលែកបទពិសោធពីកិច្ចការងារនៃដំណើរការតុលាការ និងការងារអប់រំផ្សព្វផ្សាយ
ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(ECCC) បានចូលរួមចែករំលែកបទពិសោធពីកិច្ចការងារនៃដំណើរការតុលាការ និងការងារអប់រំផ្សព្វផ្សាយជូនដល់សាធារណជន ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ រៀបចំ ដោយ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICE) តាមប្រព័ន្ធហ្សូម ក្រោមការសម្របសម្រួលរបស់ស្ថាន ទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូល រួមពីមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងសារមន្ទីរចងចាំសន្តិភាព ជាតិណាហ្គាសាគីសម្រាប់ជនរងគ្រោះគ្រប់បែកបរិមាណូរបស់ប្រទេសជប៉ុន។
នេះក៏ជាកិច្ចប្រជុំមួយដែលនឹងផ្តល់ឱ្យសាលាក្តីខ្មែរក្រហម នូវគំនិតថ្មីៗ និងការបើកចំហរកិច្ចសហប្រតិបត្តិការសម្រាប់ ការអនុវត្តការងារដែលនៅសេសសល់របស់តុលាការក្រោយបញ្ចប់ដំណើរការនីតិវិធីច្បាប់ផងដែរ។
វាគ្មិនមកពីស្ថាប័នពាក់ព័ន្ធក្នុងនោះមានសាលាក្តីខ្មែរក្រហម សារៈមន្ទីរចងចាំសន្តិភាពជាតិណាហ្គាសាគីសម្រាប់ជនរងគ្រោះគ្រប់បែកបរិមា ណូរបស់ប្រទេសជប៉ុន បានធ្វើ បទបង្ហាញ ពីបទពិសោធការងារ និងការគិតគូរពី គម្រោង សម្រាប់អនាគតដើម្បីបម្រើផលប្រយោជន៍ឱ្យជនរងគ្រោះក្នុងនោះរួមទាំងបទពិសោធនៃការកសាងសារមន្ទីរនៃការចងចាំ ការរៀបចំថែរក្សាឯកសារភស្តុតាង ការចុះផ្សព្វផ្សាយអប់រំ ដល់សាធារណជនជាពិសេសដល់យុវជនជំនាន់ក្រោយអំពីដំណើរការនីតិវិធីតុលាការ ក៏ដូចជាពាក់ព័ន្ធនឹងរឿងរ៉ាវប្រវត្តិ សាស្ត្រដើម្បីឱ្យពួកគេចងចាំ និងចូលរួមទប់ស្កាត់ និងបង្ការ កុំឱ្យឧក្រិដ្ឋកម្មសាហាវឃោរឃៅកើតឡើងសាជាថ្មីក្នុងប្រវត្តិសាស្ត្រមនុស្សលោក។
វាគ្មិន មកពីស្ថាប័នផ្សេងៗបានសង្កត់ធ្ងន់លើ សារៈសំខាន់ នៃការចងចាំលើរឿងរ៉ាវ នៃប្រវត្តិសាស្ត្រ និងរឿងរ៉ាវនៃ ជនរងគ្រោះ ព្រមទាំងការថែរក្សានូវកេរតំណែល។
ឯកឧត្តម ក្រាញ់ តូនី ប្រធានការិយា ល័យរដ្ឋបាលស្តីទី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានថ្លែងថា ក្រៅពីមានតួនាទីក្នុងការស្វែងរកយុត្តិធម៌ និងការពិតជូន ជនរងគ្រោះ សាលាក្តីខ្មែរក្រហមបានចូលរួមចំណែក យ៉ាង សំខាន់ ក្នុងការពង្រឹងការយល់ដឹង និងការចងចាំអំពី ប្រវត្តិសាស្ត្រ។
ឯកឧត្តមបានថ្លែងថាការរៀបចំរបស់សារមន្ទីរចងចាំសន្តិភាពជាតិណាហ្គាសាគីសម្រាប់ជនរងគ្រោះគ្រប់បែកបរិមាណូរបស់ប្រទេសជប៉ុននឹងក្លាយជាគំរូសិក្សាបទពិសោធមួយរបស់កម្ពុជាក្នុងការគិតគូរគម្រោងនៃការចងចាំនាពេលអនាគត។
ឯកឧត្តម ក្រាញ់ តូនី បានគូសបញ្ជាក់ថា អង្គជំនុំ ជម្រះ វិសាមញ្ញ ក្នុងតុលាការកម្ពុជាសម្រេចបានសមិទ្ធផល ជាច្រើន ក្នុងរយៈពេល ១៦ឆ្នាំមកនេះទាំងក្នុងផ្នែកយុត្តាធិការ និងក្រៅ ផ្នែកយុត្តាធិការ ព្រមទាំងបានបន្សល់ទុកនូវកេរដំណែល ដែល ត្រូវបានចាត់ទុកជាកត្តាសំខាន់បំផុត ដែលគួរថែរក្សាទុក និងផ្តល់ទុកឱ្យមនុស្សជំនាន់ក្រោយ រួមមានការអប់រំ ការចង ចាំ ក៏ដូចជាការកសាងសមត្ថភាព និងការពង្រឹងស្ថាប័ន តុលាការ និងប្រព័ន្ធយុត្តិធម៌៕


