ប៉មចម្រោះទឹកស្អាតចូលរួមផលិតទឹកស្អាតប្រកបដោយគុណភាពសម្រាប់សិស្សានុសិស្ស

ខេត្តកំពត ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ៖ ប៉មចម្រោះទឹកស្អាតដែលផ្តល់ដោយមូលនិធិ កូកា-កូឡានៃក្រុមហ៊ុនភេសជ្ជៈកូកាកូឡាកម្ពុជាបានចូលរួមផលិតទឹកស្អាតប្រកបដោយគុណភាពសម្រាប់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត និងប្រជាពលរដ្ឋនៅជុំវិញតំបន់នោះប្រើប្រាស់សម្រាប់ពិសាដោយឥតគិតថ្លៃ និងបានចូលរួមក្នុង ការសន្សំសំចៃថវិការបស់សិស្សានុសិស្សលើការទិញទឹក និងថែមទាំងបានចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកពីការប្រើប្រាស់ទឹកដបប្លាស្ទិក ធ្វើឱ្យសាលារៀននិងសហគមន៍មានបរិស្ថាននិងអានម័យល្អ។

 គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល បែបនេះនាក្រុងបូកគោ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីប្រគល់ទទួលប៉មចម្រោះទឹកស្អាតដែលមូលនិធិកូកា-កូឡាប្រគល់ជូន វិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ តាមរយៈក្រសួងបរិស្ថាន។ 

 ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការផ្តល់ឧបករណ៍ចម្រោះទឹកស្អាតនេះបានចូលរួមចំណែកជួយលើកកម្ពស់សុខុមាល ភាពសិស្សានុសិស្សឱ្យកាន់តែប្រសើរ ព្រោះទឹកជាជីវិត និង មនុស្សម្នាក់ៗមានតម្រូវការទឹកជាចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ។ 

     ជាមួយគ្នានេះឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវ ដល់សិស្សានុសិស្ស និងថ្នាក់ដឹកនាំសាលាត្រូវចូលរួមថែរក្សាឧបករណ៍ចម្រោះទឹកស្អាតនេះដើម្បីអាចប្រើប្រាស់សម្រាប់ ពេលយូរអង្វែង និងសម្រាប់សិស្សានុសិស្សជំនាន់ក្រោយទៀត។ 

គួរបញ្ជាក់ថា ប៉មចម្រោះទឹកស្អាតដែលផ្តល់ជូនវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោតនេះគឺជាប៉មចម្រោះទី២ របស់ក្រុមហ៊ុន ដែលត្រូវបានដំឡើងនៅឆ្នាំ ២០២២ នេះ ហើយជាប៉មចម្រោះទឹកស្អាតទី ៣៣ ដែលត្រូវ បានដំឡើងឱ្យប្រើប្រាស់នៅតាមសាលារៀននានាក្នុងប្រទេសកម្ពុជា។ ប៉មចម្រោះទឹកស្អាត AQUATOWER គឺជាប្រព័ន្ធចម្រោះទឹកស្អាត ដែលត្រូវបានដំឡើងរួមជាមួយនឹងAquaSan ដែលជាប្រព័ន្ធលាងសម្អាតបន្ទប់ទឹកដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងប្រជាសហគមន៍ប្រមាណ ៣០០នាក់នៅទីនេះ។ បើទោះជាការប្រគល់ប៉មចម្រោះទឹកស្អាតនេះ អាចជាការបង្ហាញពីការបញ្ចប់គម្រោងក៏ដោយ ក៏ការប្តេជ្ញាចិត្តរបស់យើងមិនបញ្ឈប់ត្រឹមការតំឡើងប៉មនេះដែរ យើងនឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយមូលនិធិ Planet Water ក្នុងការអនុវត្តកម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំ បណ្តុះបណ្តាលប្រជាសហគមន៍អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើតំហែទាំរយៈពេល ៥ឆ្នាំ ក្រោយការដំឡើង ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner