ការប្រកួតវាយកូនគោលមិត្តភាពអបអរសាទរកិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ ឆ្នាំ២០២២

បន្ទាប់ពីកិច្ចប្រជុំ អគ្គមេបញ្ជាកងទ័ពអាស៊ានលើកទី១៩ ឆ្នាំ២០២២ ដែលព្រះរាជណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ «សាមគ្គី ដើម្បីសេចក្តីសុខប្រកបដោយភាពសុខដុម» ដែលដំណើរការអស់រយៈពេល៥ថ្ងៃ ប្រកបដោយភាពជោគជ័យ។ ភាគីកម្ពុជាដែលជាម្ចាស់ផ្ទះបានរៀបចំការប្រកួតកីឡាវាយកូនគោល ដើម្បជាការអបអរសាទរដល់កិច្ចប្រជុំ និងរិតចំណងសាមគ្គីភាពឲ្យកាន់មានសម្ព័ន្ធភាពស្អិតរមួតបន្ថែមទៀត ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មានប្រសាសន៍ថា ការប្រកួតកីឡាវាយកូនគោលនេះ មិនមែនជាការប្រកួតដណ្តើមយកជ័យលាភីជើងឯកប្រទេសនិងប្រទេសនោះទេ តែជាការប្រកួតលក្ខណមិត្តភាពរវាងថ្នាក់ដឹកនាំ អគ្គមេបញ្ជាការកងទ័ពអាស៊ាន និងស្ថានទូតអាស៊ានប្រចាំកម្ពុជាប៉ុណ្ណោះ ដើម្បីបង្កើតបរិយាកាសឲ្យកាន់តែសប្បាយរីករាយ និងផ្សារភ្ជាប់ទំនាក់ទំនងមេត្រីភាពយោធាក្នុងតំបន់អាស៊ានឲ្យកាន់តែស្អិតរមួយបន្ថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូបញ្ជាក់ទៀតថា ការប្រកួតកីឡាវាយកូនគោលនេះ ថ្វីដ្បិតមានរយៈពេលតែមួយព្រឹកក៏ពិតមែន ប៉ុន្តែវាបានបង្កើតការចងចាំល្អៗនិងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ ឯកឧត្តម សង្ឈឹមជឿជាក់ថា បន្ទាប់ពីការប្រកួតកីឡាវាយកូនគោលអបអរសាទរកិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី ១៩ ឆ្នាំ២០២២ ដែលធ្វើនៅទឹកដីកម្ពុជាបានបញ្ចប់ និងមានឱកាសជួបប្រកួតជាមួយគ្នាជាថ្មីម្តងទៀត ក្នុងឱកាសណាមួយដែលភាគី អគ្គមេបញ្ជាការកងទ័ពកម្ពុជាទៅបំពេញភារកិច្ច។

ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ តំណាង អគ្គមេបញ្ជាការកងទ័ពកម្ពុជា បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ អគ្គមេបញ្ជាការអាស៊ាន និងស្ថានទូតអាស៊ានប្រចាំកម្ពុជាទាំងអស់ ដែលបានយកឱកាសដ៏មានតម្លៃចូលរួមធ្វើការប្រកួតបានប្រព្រឹត្តិទៅដោយបរិយាកាសសប្បាយរីករាយនិងស្នាមញញឹម។ ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ក៏បានជូនពរដល់ គណៈប្រតិភូថ្នាក់ដឹកនាំក្នុងបណ្តាប្រទេសអាស៊ានទាំងអស់សូមធ្វើដំណើរនិវត្តទៅកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថភាព និងសុខភាពល្អ គ្មានជំងឺកូវីដ១៩។

ឆ្លងកាត់ការប្រកួតអស់ពេលពេញមួយព្រឹកជាលទ្ធផលបច្ចេកទេសចំណាត់ថ្នាក់លេខ១ Gross Score Winnerបានទៅលើ GENERAL CHALERMPHON SRISAWADI (Thailand) ពានNet Score Winner ចំណាត់លេខ១បានទៅលើកីឡាករកម្ពុជា ឯកឧត្តម មាស សុវណ្ណ លេខ២ កីឡាករ ម៉ាឡេស៊ី និងលេខ៣កីឡាករកម្ពុជា សំណាង ពុទ្ធីនាថ៕ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner