ជប៉ុន ផ្ដល់ជំនួយជាង ៤លានដុល្លារដល់ការអភិវឌ្ឍន៍ថាមពលកើតឡើងវិញ និងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋាន
ភ្នំពេញ៖ ប្រទេសជប៉ុន បានផ្ដល់ជំនួយជាង ៤លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍគម្រោងចំនួន២ ក្នុងនោះមានគម្រោងទទួលថាមពលកើតឡើងវិញប្រកបដោយបរិយាប័ន្ននៅតំបន់ជនបទ និងគម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋានតាមរយៈការចូលរួមពីប្រជាពលរដ្ឋ។
ការប្រកាសផ្ដល់ជំនួយនេះ បានធ្វើឡេីងក្នុងពិធីចុះហត្ថលេខានៅទីស្ដីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម គីស៉ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន នៅព្រលប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ។
គម្រោងចំនួន២ ខាងលេី បានចុះហត្ថលេខាដោយឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា ក្នុងនោះរួមមាន៖
១. គម្រោងទទួលបានថាមពលកើតឡើងវិញប្រកបដោយបរិយាប័ន្ននៅតំបន់ជនបទ ដែលមានទំហំទឹកប្រាក់២០០លានយ៉េន ស្មើនឹងប្រមាណ១,៧លានដុល្លារអាមេរិក។
២. គម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋាន តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ដែលមានទំហំទឹកប្រាក់៣០០លានយ៉េន ស្មើនឹងប្រមាណ២,៦លានដុល្លារអាមេរិក។
សូមជម្រាបថា ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ។ បន្ទាប់ពីមកដល់កម្ពុជា ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយ:ពេលពីរថ្ងៃ គឺនៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្រ្តី គីស៊ីដា ហ្វូមីអូ បានមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមាន៖ ក្នុងវិស័យពាណិជ្ជកម្មនិងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀត។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។ សេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងជប៉ុន នឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ ៕ ដោយ វណ្ណលុក















