លើខ្នងភ្នំគូលែន សម្បូណ៍ទៅដោយដើមគូលែន ហើយពេលនេះកំពុងផ្តល់ផ្លែជាងបណ្តាឆ្នាំកន្លងទៅ

ខេត្តសៀមរាប ៖ រាប់រយឆ្នាំមកហើយ ដើមគូលែននៅតែបន្សល់ទុករហូតមកដល់ពេលបច្ចុប្បន្ននៅលើខ្នងភ្នំគូលែន ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ។ ពេលនេះជារដូវផ្លែគូលែនកំពុងហុចផលដល់ប្រជាពលរដ្ឋច្រើនគ្រួសារ រស់នៅតំបន់នេះផងដែរ ។

គួរបញ្ជាក់ កាលបើគេធ្វើដំណើរទៅកម្សាន្តនៅលើខ្នង ភ្នំគូលែន ដែលជាទីតាំងប្រវត្តិសាស្រ្ត និង ក៏ជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជា។នៅទីតាំងដ៏ពិសិដ្ឋមួយនេះបានបន្សល់ទុកនូវប្រាសាទបុរាណ ស្ថានីយ៍បុរាណ និងទឹកធ្លាក់ច្រើនកន្លែង ។

ក្រៅពីនេះ អ្នកទេសចរទៅដល់លើខ្នងភ្នំនេះ ឃើញមានដើមគូលែនជាច្រើនដុះតាមផ្លូវ និងតាមផ្ទះប្រជាពលរដ្ឋ ។ ពិសេសជាងនេះទៀតបើគេធ្វើដំណើរនាខែមីនា និងមេសា នឹងបានឃើញផ្លែគូលែនទុំរយីងរយោងក្រហមពេញដើមគួរជាទីចង់ភ្លក្សរស់ជាតិរបស់វា ។

លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ បានបញ្ជាក់បា្រប់ បណ្តាញអប្សរាព័ត៌មាន (AMS) នៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២២នេះថា គូលែនធម្មជាតិរបស់អ្នកស្រុកឆ្នាំនេះផ្លែច្រើនជាងបណ្តាឆ្នាំកន្លងមក។ពេលនេះផ្លែស្ទើរពាសពេញខ្នងភ្នំមើលទៅយ៉ាងស្រស់ស្អាត និងអ្នកស្រុកកំពុងម្នីម្នាបេះលក់។

លោកប្រធានសហគមន៍រូបនេះបញ្ជាក់ថា ដោយសារឆ្នាំនេះផ្លែច្រើនទើបពលរដ្ឋនាំគ្នាបេះលក់ដល់ភ្ញៀវទេសចរ និងមួយចំនួនទៀតលក់បន្តទៅឱ្យខេត្តផ្សេងទៀត ។ ផ្លែគូលែននៅទីកន្លែងនេះមានទាំងប្រភេទផ្អែម និងជូរអែម ដោយគេអាចលក់បានក្នុងមួយគីឡូក្រាម ៥០០០-៧០០០រៀល។

លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ បានឱ្យដឹងបន្ថែមថា ដើមគូលែនដែលដុះនៅលើខ្នងភ្នំមួយនេះមានច្រើនកន្លែងណាស់ ហើយមានអាយុកាលរាប់សិបឆ្នាំមកហើយ ។ ដើមខ្លះលោកកើតមកមិនទាន់ផង គឺឃើញវាស្រាប់តែម្តង និងដើមខ្លះធំ និងខ្ពស់ៗផ្តល់ម្លប់យ៉ាងត្រជាក់លើខ្នងភ្នំ ។

ទាក់ទិនទៅនឹងដើមគូលែននេះដែរលោក ប្រធានសហគមន៍រូបនេះបានរៀបរាប់ថា “ដើមគូលែនមួយចំនួនប្រជាពលរដ្ឋគាត់ដាំ និងមួយចំនួនទៀតវាបានដុះតាមធម្មជាតិដោយខ្លួនឯង គឺ មានស្ទើរគ្រប់ផ្ទះ ។ ដោយសារដើមវាខ្ពស់ ទើបផ្ទះខ្លះអាចបេះលក់បានតែផ្ទះខ្លះគ្មានអ្នឡើងក៏មិនអាចបេះលក់ដូរនឹងគេបានទេ”។

សូមបញ្ជាក់ថាប្រវត្តិ ភ្នំគូលេន ជាតំបន់ភ្នំ ដែលមានឈ្មោះ ទៅតាមការហៅរបស់អ្នកស្រុក ដោយយកតាមឈ្មោះនៃ រុក្ខជាតិមួយប្រភេទ ហៅថា គូលេន (Letchis ឈ្មោះជាភាសាបារាំង) មានដុះលូតលាស់នៅទីនេះ ។ ភ្នំនេះមានទីតាំងស្ថិតនៅចំទិសឦសាន និងមានចំងាយប្រមាណ ៤០គ.ម ពីទីរួមខេត្តសៀមរាប ។ អ្នកធម្មជាតិវិទ្យាបារាំងបានចាត់ទុក ភ្នំគូលេន ថាជាខ្ពង់រាប ដែលមានកំពស់ប្រែប្រួលពី ៣០០ ទៅ ៤០០ម និងមានបណ្តោយជាង ៤០គ.ម ដោយសណ្តូកលើអ័ក្ស ដែលមានទិសដៅពីទិសពាយ័ព្យ ទៅ ទិសអាគ្នេយ៍។

ចំណែកខ្នងភ្នំវិញមានសណ្ឋានជាវាលរាប លាតសន្ធឹងតាមបណ្តោយជួរភ្នំ និងមានខ្យល់ អាកាសល្អ សម្រួលដល់ការតាំងទីលំនៅរបស់សហគមន៍មនុស្ស ។ ជួរភ្នំនេះមានទីតាំងស្ថិតនៅក្នុងរាជធានីគូលែន ៣០គីឡូម៉ែត្រពីប្រាសាទអង្គរវត្តខាងជើង។ ឈ្មោះរបស់វាមានន័យថា “ភ្នំរបស់ គូលេន នេះ” ។ កំពូលភ្នំមួយដែលមានតំបន់ដ៏ពិសិដ្ឋនៅលើកំពូលនៃជួរ គឺ ភ្នំគូលែនត្រូវបានចាត់ទុកថា ជាភ្នំដ៏វិសុទ្ធនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់ខាងសាសនាហិណ្ឌូ និងពិសេសដើម្បីឱ្យពុទ្ធសាសនិកដែលមកភ្នំនៅសក្ការៈបូជា ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner