សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី ២១ មីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការ នូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ដែលមានរយៈពេល១០ឆ្នាំ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ។
បន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការ-អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ធ្វើរបាយការណ៍ អំពីការផ្សព្វផ្សាយកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ នាព្រឹកថ្ងៃទី ២១ មីនា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា ដោយគូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាពិតជាទទួលបានបទពិសោធន៍គ្រប់គ្រាន់ សម្រាប់បន្តការកែទម្រង់ស៊ីជម្រៅនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចូលរួមចំណែកស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិ-កូវីដ- ១៩ ជាមួយនឹងរបៀបវារៈនានា នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិរហូតដល់ឆ្នាំ ២០៣០ ។
ក្នុងនេះដែរ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក និងធានា ដល់ការអនុវត្ត កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២, ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍មួយចំនួនដល់ គ.ជ.អ.ប , ថ្នាក់ដឹកនាំ, មន្ត្រីរាជការ ក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អំពីការបន្តលើកកម្ពស់ប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងការងារកែទម្រង់ និង ការបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ , អំពីការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ , អំពីធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង អំពីការរៀបចំ និងពង្រឹងអភិបាលកិច្ចឌីជីថល់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។
ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ បានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះក្រសួងមហាផ្ទៃ ក្រោមការដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ដែលបានដឹកនាំសម្រប-សម្រួលការកែទម្រង់ទទួលបានការវិវឌ្ឍជាជំហានៗគួរជាទីមោទនៈ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង- ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ដែលបានខិតខំចូលរួមអនុវត្តកិច្ចដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនិងការកែទម្រង់សំខាន់ៗដទៃទៀត របស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជាបន្តបន្ទាប់ ។
ទន្ទឹមនេះ សម្ដេច ក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្ត ផ្តល់ការគាំទ្រ សហការដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាព-សង្គមគ្រួសារកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង ទាំងបច្ចុប្បន្ន និងអនាគត ៕ ដោយ ៖ វណ្ណលុក