ប៉ូលិសយកលិខិតឱ្យដំណឹងពីសាលក្រមផ្តន្ទាទោស សម រង្ស៊ី និងបក្ខពួក បិទនៅសាលាសង្កាត់ចង្រែលើ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ សមត្ថកិច្ចបានយកលិខិតឱ្យដំណឹងពីសាលក្រមផ្តន្ទាទោស សម រង្ស៊ី និងបក្ខពួក មានដូចជា មួរ សុខហួរ, ជូឡុង សូមូរ៉ា, តុ វ៉ាន់ចាន់, នុត រំដួល, ហូរ វ៉ាន់, អេង ឆៃអ៊ាង ដាក់ពន្ធនាគារក្នុងម្នាក់កំណត់១០ឆ្នាំ ពីបទរួមគំនិតក្បត់ បទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ប្រព្រឹត្តនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងខែមករា ខែកុម្ភៈ ឆ្នាំ២០១៨ និងអំឡុងពេលបន្តបន្ទាប់ ទៅបិទនៅសាលាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ត្រូវបានតុលាការប្រកាសសាលក្រមផ្តន្ទាទោសកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។
នៅក្នុងសំណុំរឿងនេះ មនុស្សចំនួន១៣នាក់ផ្សេងទៀតមានដូចជា ឈ្មោះ ថៃ សុគន្ធា, ឡុង ផារី, ឃឹម ភាណា, សុខ ចាន់ថា, ពៀត ម៉ាប់, កែវ ថៃ, ជុំ ចាន់, ស៊ុន ធន់, ងិន ឃាង, យឹម សារ៉េត, ញ៉ែម វាន, ឃុត ច្រិក, ហ៊ិន ឆាន និងឆុន ប៊ុនឆាត ដាក់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់ ៥ (ប្រាំ)ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវអនុវត្តទោសក្នុងពន្ធនាគារ ចំនួន៣ឆ្នាំ ៨ខែ ទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទរួមគំនិតក្បត់ និងបទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ដោយឡែក អ្នករួមគំនិតម្នាក់ទៀត ឈ្មោះ ហ៊ិន ឆាន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៥ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវព្យួរធម្មតាពីបទរួមគំនិតក្បត់ និងបទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕
ដោយ៖ពលជ័យ