បន្ទាប់ពីបញ្ចប់ទស្សនកិច្ច៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើសន្និសីទកាសែតពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០:០០នាទី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នឹងធ្វើសន្និសីទសារព័ត៌មានអំពីដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តម នៅប្រទេសមីយ៉ាន់ម៉ា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការធ្វើសន្និសីទកាសែតនេះ បន្ទាប់ពីឯកឧត្តមបានបញ្ចប់ទស្សនកិច្ចនៅមីយ៉ាន់ម៉ា។
ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានអញ្ជើញចូលជួបសាវនាការចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមករា ឆ្នាំនេះ។
បន្ទាប់ពីជួបជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តជួបជាមួយឯកឧត្តម វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេស, ឯកឧត្តម កូ កូ ឡាំង រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារស្តីពីជំនួយមនុស្សធម៌អាស៊ាន និងឯកឧត្តមឧត្តមសេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រីការិយាល័យរដ្ឋាភិបាលសហព័ន្ធ និងជាប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងកសាងសន្តិភាពផងដែរ។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកដំបូងនៃប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា មានគោលបំណងដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានទៅដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់ ការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រនិងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ និងលើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់/កិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់៕
ដោយ៖ពលជ័យ