សម្ដេចក្រឡាហោម ស ខេង ថ្លែងអំណរគុណ ធនាគារពិភពលោក ដែលបានជួយគាំទ្រដល់គម្រោងសំខាន់ៗមួយចំនួនរបស់ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះ ធនាគារពិភពលោក ដែលបានជួយគាំទ្រដល់គម្រោងសំខាន់ៗមួយចំនួនស្ថិតនៅក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ។ គម្រោងសំខាន់ៗទាំងនោះ រួមមាន ៖ គម្រោងគណនេយ្យភាពសង្គម (ISAC), គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (LEAP) និងគម្រោងគ្រប់គ្រងសំណល់រឹង ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បែបនេះ ក្នុងឱកាសជួបសវនាការ ជាមួយ លោក Benit Bosquet ប្រធានប្រចាំតំបន់នៃគម្រោងការអនុវត្តជាសកល នូវការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក និងសហការី តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ ។

សម្ដេចក្រឡាហោម បន្តថា ការគាំទ្រតាមរយៈគម្រោងសំខាន់ៗទាំងនេះពីសំណាក់ធនាគារពិភពលោក គឺពិតជាបានរួមចំណែកដល់ការអភិវឌ្ឍនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រមទាំង ចូលរួមរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រចំពោះប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់គោលដៅ នៃការអនុវត្តនូវគម្រោងទាំងនេះ។

ជាការឆ្លើយតប លោក Benit Bosquet ប្រធានប្រចាំតំបន់ នៃធនាគារពិភពលោក ក៏បានសម្ដែងនូវការគាំទ្រចំពោះការលើកឡើងរបស់ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយលោក បានលើកឡើងថា នេះគឺជាមូលហេតុមួយដែលលោក មានបំណងជួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ព្រមទាំងក្រុមការងារទទួលបន្ទុកកិច្ចការទាំងនេះ ហើយក៏ជាចំណុចដែលលោក មានបំណងលើកឡើងផងដែរ សម្រាប់ជំនួបពិភាក្សាការងារនាពេលនេះ ពាក់ព័ន្ធទៅនឹងអ្វីដែល សម្ដេចក្រឡាហោម បានលើកឡើងចំពោះគម្រោងគណនេយ្យភាពសង្គម (ISAC), គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (LEAP) និងគម្រោងគ្រប់គ្រងសំណល់រឹង។

លើសពីនេះទៀត លោក Benit Bosquet បានសម្ដែងការយល់ឃើញដូច សម្ដេចក្រឡាហោម ផងដែរថា ចំពោះអត្ថប្រយោជន៍ ដែលគម្រោងទាំងនេះបានផ្ដល់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺការចូលរួមជួយអភិវឌ្ឍនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលជាគោលដៅក្នុងការអនុវត្តគម្រោងទាំងនោះ។ លោក បានបន្ដថា ធនាគារពិភពលោក ក៏នៅតែបន្ដបង្ហាញការប្ដេជ្ញាចិត្ត ក្នុងការចូលរួមចំណែកតាមរយៈការអនុវត្តគម្រោងបែបនេះ សំដៅធ្វើយ៉ាងណាចូលរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ លោក Benit Bosquet ក៏បានជម្រាបជូន សម្ដេចក្រឡាហោម និងគណៈប្រតិភូកម្ពុជា ថា មានកិច្ចការងារមួយចំនួនទៀត ដែលភាគីទាំងពីរ ត្រូវបន្ដជជែកពិភាក្សាគ្នានៅលើកិច្ចការងារបន្ថែមទៀត ពាក់ព័ន្ធទៅនឹងគម្រោងទាំងបីនៅខាងលើនេះ សំដៅធ្វើយ៉ាងណាបង្កើតបាននូវនិរន្ដរភាពសម្រាប់ការអនុវត្តគម្រោងទាំងនេះ ហើយបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋបន្ដទៅមុខទៀត ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner