រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ជុំវិញការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា

រ៉ង់ហ្គូន៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាប្រកាសថា ខ្លួនបានច្រានចោលទាំងស្រុងចំពោះសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិក ដែលថា របបដឹកនាំយោធាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា។

ក្រសួងការបរទេសរបស់យោធាមីយ៉ាន់ម៉ាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរៀបរាប់ដែលបានលើកឡើងនៅក្នុងសុន្ទរកថារបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន (Antony Blinken) ត្រូវបានរកឃើញថា នៅឆ្ងាយពីការពិតណាស់។

សេចក្តីថ្លែងការណ៍បន្ថែមថា មីយ៉ាន់ម៉ាមិនដែលចូលរួមក្នុងសកម្មភាពប្រល័យពូជសាសន៍ណាមួយឡើយ ហើយក៏មិនមានចេតនាប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ដើម្បីបំផ្លាញទាំងស្រុង ឬមួយផ្នែក ពូជសាសន៍ ឬសាសនា ឬក្រុមផ្សេងទៀតណាមួយឡើយ។

ប្រតិកម្មឆ្លើយតបរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាខាងលើនេះ បានកើតមានឡើងបន្ទាប់ពីប្រមុខការទូតអាមេរិកលោក អាន់ថូនី ប្លីងគែន ថ្លែងថា លោកបានកំណត់ថា សមាជិកនៃយោធាមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា។

គួរបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ៨៥០,០០០នាក់កំពុងធ្លាក់ខ្លួននៅក្នុងជំរុំក្នុងប្រទេសបង់ក្លាដែសដែលនៅជិតខាង ដោយបានរៀបរាប់ពីការសម្លាប់រង្គាល និងការចាប់រំលោភ ខណៈដែលសមាជិកសហគមន៍ចំនួន ៦០០,០០០នាក់ផ្សេងទៀតនៅតែស្ថិតក្នុងរដ្ឋរ៉ាឃីន របស់ប្រទេសមីយ៉ាន់ម៉ា ដែលពួកគេរាយការណ៍ពីការគាបសង្កត់យ៉ាងទូលំទូលាយ៕ ប្រភព៖ CNA ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner