ចិន៖ សមាជិកប្រទេស G20 គ្មានសិទ្ធបណ្តេញរុស្ស៊ីចេញនោះទេ
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin នៅថ្ងៃពុធថ្លែងថា រុស្ស៊ីជាសមាជិកដ៏សំខាន់មួយ ក្នុងចំណោមក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ ឬ G20 ហើយគ្មានសមាជិកណាមួយមានសិទ្ធិបណ្ដេញរុស្ស៊ីចេញទេ។
លោក Wang បានធ្វើការកត់សម្គាល់បែបនេះនៅពេលធ្វើអត្ថាធិប្បាយលើសំណួរដែលថា សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តលោកខាងលិចកំពុងវាយតម្លៃភាពសមស្របរបស់រុស្ស៊ី ក្នុងការបន្តនៅក្នុងក្រុមប្រទេស G20។
លោក Wang បន្តថា G20 គឺជាវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ ដោយបានប្រមូលផ្តុំនូវប្រទេសមានសេដ្ឋកិច្ចសំខាន់ៗរបស់ពិភពលោក។ លោកបន្ថែមថា G20 គួរតែអនុវត្តពហុភាគីនិយមពិតប្រាកដ ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ហើយធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសចិនគាំទ្រដល់ភាពជាប្រធានរបស់ឥណ្ឌូណេស៊ី ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ G20 លើគ្រប់វិស័យ ក្រោមប្រធានបទ “Recover Together, Recover Stronger” ស្របតាមរបៀបវារៈដែលបានកំណត់៕ ប្រភព៖ CGTN ប្រែសម្រួលដោយ៖ ឈឹម ទីណា